អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា - BNP

Breaking

Wednesday, October 28, 2020

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា

ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានា ដូចជា៖ ភ្លៀង ភ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបើមានហេតុការអ្វីកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីធ្វើការចុះជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូចនេះ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុន មិត្តហ្វូន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំនុចលូដាច់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។


នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួម ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិន ហើយសកម្មភាពនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងសាមគ្គីភាព ជួយគ្នាក្នុងគ្រាលំបាក។


សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២០គីឡូក្រាម ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ត្រីខ ១យួ មី ១កេះ និងស៊ីមកាតមិត្តហ្វូនចំនួន ២ផងដែរ៕





 

No comments:

Post a Comment

Pages