អភិបាលខេត្តប៉ៃលិន ស្នើដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ ចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ - BNP

Breaking

Wednesday, September 30, 2020

អភិបាលខេត្តប៉ៃលិន ស្នើដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ ចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ (VSTP)ជំហាន ៣ របស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានស្នើដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជំរុញដល់ប្រជាពលរដ្ឋ ជាមុខសញ្ញា ដែលត្រូវទទួលសេវាបណ្តុះបណ្តាលនេះ ឲ្យបានច្បាស់ លាស់ ដូចជា៖ សិស្សបោះបង់ការសិក្សា ស្រ្តីមេម៉ាយ ក្មេងកំព្រា ជនពិកា និងជនទីទល់ក្រ ឱ្យពួកគាត់បានយល់ដឹង និងចូលរួមទទួលវគ្គបណ្តុះបណ្តាលនេះឲ្យបានគ្រប់គ្នាៗ ដើម្បីលើកកម្ពស់វិស័យការងារ និងប្រាក់ចំណូល ក្នុងគោលបំណងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាពិសេសចូលរួមដោះ ស្រាយផលប៉ះពាល់ ដោយការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ បានមួយកម្រិតផងដែរ។ 


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ហើយគោលនយោបាយនេះ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ទីរការងារ និងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះវគ្គបណ្តុះបណ្តាលនេះ ធ្វើយ៉ាងណា ផ្តល់ចំណេះ និងជំនាញច្បាស់លាស់ ដល់ពួកគាត់ តាមតម្រូវការទីផ្សារការងារក្នុងការប្រកប របរចិញ្ចឹម ជីវិត ទៅថ្ងៃខាងមុខ ហើយត្រូវពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបច្ចេកទេសក្នុងមជ្ឈមណ្ឌល ដើម្បីធ្វើការផ្តល់ជំនាញ និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើឡើង។


លោក ឃុន សុខឿន នាយកមជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ ដើម្បីចូលរួមចំណែកសម្រេចនូវគោលបំណង និងនយោបាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលមានវិធានការដូចជា៖ បង្កើនការទំនុកចិត្តពីសង្គម និងសិស្ស ពីអ្នកត្រូវការជំនាញបច្ចេកទេស ធានាលក្ខខណ្ឌក្រោយបញ្ចប់ការសិក្សា មានការងារធ្វើ អភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេស និងវីជ្ជាជីវៈ ជំរុញ និងអភិវឌ្ឍន៍ព័ត៌មានទីផ្សារការងារ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ននានា ក្រុមហ៊ុន សហគ្រាស ក្នុងការស្វែងរកជំនាញ និងកន្លែងការងារ លើកកម្ពស់សមភាពយ៉េនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងពង្រឹងអភិបាលកិច្ចល្អ។


សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ គឺមានវគ្គបច្ចេកទេស សេវាកម្ម ជំនាញ និងកសិកម្ម ដែលមានសិស្សសរុបចំនួន ៥៩២នាក់ ក្នុងនោះការបណ្តុះបណ្តាលក្នុងសហគមន៍មានសិស្សចំនួន ៥៥១នាក់ សហគ្រាស ២៧នាក់ និងការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលចំនួន ១៤នាក់ផងដែរ៕








 

No comments:

Post a Comment

Pages