ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - BNP

Breaking

Tuesday, August 11, 2020

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

ខេត្តកណ្តាល៖ អភិបាលខេត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ បានបដិសេធជាមួយរបាយការណ៍របស់ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ស្តីអំពីសកម្មភាពរបស់អ្នកជំងឺ ផ្ទុកមេរោគcovid-19រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ដែលបានធ្វើការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។  ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបដិសេធបែបនេះ ក្នុងឱកាសឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល។

ឯកឧត្ដមបន្តថា កន្លងទៅថ្មីៗនេះ  មានលិខិតមួយរបស់លោកចៅសង្កាត់សិត្បូ បានធ្វើការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ស្តីអំពីសកម្មភាពរបស់អ្នកជំងឺរបស់កងទ័ពស្ម័គ្រចិត្តមួកខៀវផ្ទុកមេរោគcovid-19រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ថាបានធ្វើសកម្មភាពដូចក្នុងលិខិតលេខ 011/20 របក ចុះថ្ងៃទី 10 ខែ សីហា ឆ្នាំ 2020 (បានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ និងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវគ្មានប្រភពច្បាស់លាស់ខុសពីការចុះធ្វើអង្កេត តាមដាន ស្រាវជ្រាវ របស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្តល់ព័ត៌មាន ពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។

ក្រោយពីអ្នកជំងឺធ្វើតេស្តរកមេរោគកូវីដ-១៩ទទួលបានលទ្ធផលវិជ្ជមាន ក្រុមការងារបានចុះយកសំណាករបស់ក្រុមគ្រួសារដែលមានសមាជិក០៩នាក់ ធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានទាំង០៩នាក់ ហើយអ្នកទាំង០៩ បាននឹងកំពង់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តពិនិត្យអង្កេតតាមដាន និងព្យាបាល។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយក្នុងករណីមានបញ្ហាសុខភាព ឬមានការសង្ស័យពីករណីឆ្លងជំងឺcovid-19 សូមធ្វើការទំនាក់ទំនងមកមន្ត្រីជំនាញសុខាភិបាលតាមរយៈ លេខទូរស័ព្ទ 115 ដើម្បីអនុវត្តវិធានការទប់ស្កាត់បានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានសម្ដែងការកោតសរសើរ ដល់អាជ្ញាធរ ក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងបានជម្រុញណែនាំឱ្យមានការបង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តនូវ ទិសដៅការងារ និងដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ព្រមទាំងបានស្នើដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន៕








No comments:

Post a Comment

Pages