យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ - BNP

Breaking

Monday, August 17, 2020

យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងកម្លាំសមត្ថកិច្ចមួចំនួន បានចុះចែកមួកសុវត្ថិភាព ចែកបណ្ណប្រកាស សន្លឹកបត់ និងកូនសៀវភៅអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ លេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមាន២ទីតាំងផ្សេងគ្នាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទីតាំងទី១ មុខវិទ្យាល័យហ៊ុនសែនតាខ្មៅ និងទីតាំងទី២ នៅចំណុចផ្លូវកែងស្តុបខាងមុខទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងពេលជាមួយគ្នានេះដែរក៏មានសំណួរចម្លើយអប់រំសុវត្ថិភាពចរាចរណ៍ មានរង្វាន់មួកសុវត្ថិភាព អាវយឺត ម៉ាស់ និងទឹកអាល់កុល ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លើយនឹងសំណួរពីកម្មវិធីយុទ្ធនាការបានត្រឹមត្រូវ។

យុទ្ធនាការនេះប្រព្រឹត្តទៅក្នុងគោលបំណងផ្សព្វផ្សាយ និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ សាធារណជន និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ លេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលគ្រប់ទីកន្លែង បើកបរត្រូវចេះអធ្យាស័យឲ្យគ្នា បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិជនពិការ និងទុកសិទ្ធជាអាទិភាពជូនជនពិការក៏ដូចអ្នកប្រើប្រាស់ទាំងអស់តាមស្លាកសញ្ញាចរាចរណ៍ ដែលបានបំពាក់នៅតាមដងផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាបង្កឲ្យមានភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសនោះដែរឯកឧត្តម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ និងគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបើកបរប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យឲ្យគ្នានៅគ្រប់កាលៈទេសៈ ។

ជាចុងក្រោយឯកត្តមគណៈអធិបតី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ជាចាំបាច់នៅទីសារធារណ ដែលមានមនុស្សកុះករ ជាងនេះទៀតត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានយ៉ាងតិច ចាប់ពី១ម៉ែត្រកន្លះពីគ្នាឡើងទៅដើម្បីបង្ការជំងឺCovid-19 ហើយត្រូវដេកក្នុងមុង សម្អាតកន្លែងមានទឹកដក់ ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរជិតឆ្ងាយ ឬកំសាន្តនានា ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ សូមជួបតែពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាផងដែរ ៕







No comments:

Post a Comment

Pages