ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ជាមួយប្រទេសសមាជិកអាស៊ាន តាមរយៈVideo Conference - BNP

Breaking

Friday, July 17, 2020

ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ជាមួយប្រទេសសមាជិកអាស៊ាន តាមរយៈVideo Conference

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន តាមរយៈប្រព័ន្ធonline ជាមួយនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងារទទួលបន្ទុកបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន  អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Pham Hong Ha រដ្ឋមន្ត្រីក្រសួងសំណង់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការអានសុទ្ទរកថាបើកកម្មវិធី ដោយឯកឧត្តមបានថ្លែងអំណរគុណដល់សមាជិកនៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំដែលមានសារៈសំខាន់នេះ ហើយឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំប្រចាំឆ្នាំជាមួយបណ្ដាប្រទេសអាស៊ាននាពេលនេះ នឹងទទួលបានលទ្ធផលជោគជ័យ។ ឯកឧត្តមបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមាន និងផ្ដល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមសម្រាប់ប្រទេសជាច្រើន រួមទាំងប្រទេសដែលជាសមាជិកអាស៊ានផងដែរ ប៉ុន្តែនេះជាឱកាសមួយក្នុងការផ្ដោតការយកចិត្តទុកដាក់ រិះរកមធ្យោបាយ និងសកម្មភាពផ្សេងៗក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយឲ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្ថែមថា កិច្ចប្រជុំតាមប្រព័ន្ធអនឡាញថ្ងៃនេះគឺជាសក្ខីភាពមួយក្នុងការដោះស្រាយ និងប្រឈមមុខទៅនឹងបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសំណង់នៃសាធារណរដ្ឋសង្គមវៀតណាម បានបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតរបស់អាស៊ានត្រូវបានបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ ដើម្បីបង្កើតឡើងនូវវេទិកាមួយសម្រាប់សហការ និងសម្រេចនូវគោលដៅរួមនៃទីក្រុងឆ្លាត និងប្រកបដោយចីរភាព។

បន្ទាប់មក ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចសកលនេះ និងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទាំងមូលនាពេលអនាគត។ ឯកឧត្តមបានបន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏បានជះឥទ្ធិពលដល់បណ្តាញទីក្រុងឆ្លាតរបស់យើងផងដែរ ហេតុដូចនេះ វាពិតជាចាំបាច់ដែលយើងត្រូវពង្រឹងភាពជាដៃគូទីក្រុងឆ្លាតទាំងនៅក្នុងនិងក្រៅតំបន់, ប្រមូលចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល, សំយោគនូវកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាញទីក្រុងឆ្លាតអាស៊ាន ទៅលើប្រព័ន្ធឌីជីថល និងផ្នែកពាក់ព័ន្ធនានា, និងការយោគយល់គ្នា ក៏ដូចជាការសហការគ្នាកាន់តែជិតស្និទ្ធ រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រីកនូវសក្ដានុពល និងឱកាសផ្សេងៗរបស់បណ្តាញទីក្រុងឆ្លាតអាស៊ាន។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាននេះផងដែរ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជាមានរាជធានី ខេត្តចំនួន៣ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ហើយរាជធានី ខេត្តទាំងបីមានវឌ្ឍភាពជាបន្តបន្ទាប់ ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ហើយក៏មានផែនការសកម្មភាពមួយចំនួន ក៏កំពុងត្រូវបានត្រួតពិនិត្យ និងកែសម្រួល។ ឯកឧត្តម បានបន្ថែមថា ចក្ខុវិស័យនៃផែនការសកម្មភាពនៃបណ្តាញទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ គឺដើម្បីពង្រឹងបរិស្ថានទីក្រុង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ, សម្រាប់ខេត្តបាត់ដំបង គឺដើម្បីទទួលបាននូវទំនួលខុសត្រូវសង្គម បរិស្ថានស្អាត ដោយរក្សាបាននូវលក្ខណៈពិសេសរបស់ខេត្ត, ហើយសម្រាប់ខេត្តសៀមរាប គឺធ្វើឲ្យខេត្តនេះក្លាយជាទិសដៅទេសចរណ៍ដែលមានភាពស្រស់ស្អាត មានលក្ខណៈពិសេស និងបង្ហាញពីភាពសុខដុមរមនីយនៃវប្បធម៌ខ្មែរ។

សូមជម្រាបជូនថា កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាប្រទេសសមាជិកអាស៊ាន នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន បានរៀបចំបានចំនួនពីរលើក ដោយលើកទីមួយត្រូវបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅឯប្រទេសសិង្ហបុរី និងលើកទីពីរត្រូវបានប្រព្រឹត្តឡើងនាខែសីហា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រថៃ។ ជាងនេះទៀត កិច្ចប្រជុំនៃការបង្កើតឲ្យមានបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គឺដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយសម្រួល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន ហើយកិច្ចប្រជុំនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន៕






No comments:

Post a Comment

Pages