ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បំភ្លឺករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនជាមួយបណ្តាញសារព័ត៌មាន - BNP

Breaking

Friday, July 10, 2020

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បំភ្លឺករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនជាមួយបណ្តាញសារព័ត៌មាន

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការបានផ្តល់កិច្ចសម្ភាសន៍ ដើម្បីបំភ្លឺជូនបណ្តាញសារព័ត៌មានស្តីពីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែន កាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងទៅ ដូចខាងក្រោម៖

សំនួររបស់សារព័ត៌មាន - តើព័ត៌មានអំពីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅពេលណា? តើក្រសួងមហាផ្ទៃបានទទួលព័ត៌មានដោយរបៀបណា?

ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា៖ ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាមបានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ពការពារ ព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩(COVID-19) ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរជាភាសាវៀតណាមថា«ប៉ុស្តិ៍ទប់ស្កាត់ជម្ងឺកូវីដ១៩»។

សំនួររបស់សារព័ត៌មាន - ក្រោយទទួលបានព័ត៌មានអំពីការបោះតង់របស់ភាគីវៀតណាមចូលតំបន់ព្រំដែន តើក្រសួងមហាផ្ទៃបានចាត់វិធានការអ្វីខ្លះ?

ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា៖ ពាក់ព័ន្ធនឹងសកម្មភាពបោះតង់របស់ភាគីវៀតណាម ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន សហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។ ជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួន ថយក្រោយ។ ទន្ទឹមនេះ ភាគីវៀតណាមបានឆ្លើយតបមកអាជ្ញាធរកម្ពុជាថាវៀតណាមនឹងរុះរើតង់ទាំងនោះ ចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃក៏បានស្នើគណៈកម្មាធិការចំរុះកិច្ចការព្រំដែនដើម្បីពិភាក្សា ចរចាជាមួយភាគីវៀតណាមឱ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែលនៅតាមបណ្តោយព្រំដែនដែលពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោលរួច តាមរយៈលិខិតលេខ១៥៧៩សជណ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ជាការឆ្លើយតបគណៈកម្មាធិការចំរុះកិច្ចការព្រំដែនបានស្នើមកក្រសួងមហាផ្ទៃផ្តល់នូវចំនុចនិយាមការនៃទីតាំងបោះតង់របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបូកសរុបផ្ទៀងផ្ទាត់និយាមការទាំងនោះដើម្បីផ្តល់ជូនគណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ចែងតាមសមត្ថកិច្ច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កន្លងមកផ្អែកតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើកំណត់ទូតទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាពបោះតង់របស់ភាគីវៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥, និងនៅតាមបណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ ២៤៧-២៥៣ និងទាមទារភាគីវៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែលនៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតីនៃប្រកាសព័ត៌មានរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។

សំនួររបស់សារព័ត៌មាន - ក្រោយពីការចាត់វិធានការទាំងនេះ តើក្រសួងមហាផ្ទៃទទួលបានលទ្ធផលអ្វី និងមានវិធានការបន្តអ្វីខ្លះ?

ប្រសាសន៍ ឯកឧត្តម សក់ សេដ្ឋា៖ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ក្នុងនោះ តង់ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏មានវិធានការបន្តដូចខាងក្រោម :
-  ស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។
-  ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគី
វៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។ រដ្ឋបាលខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

No comments:

Post a Comment

Pages