កិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុ - BNP

Breaking

Wednesday, June 17, 2020

កិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ អភិបាលរងខេត្ត អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលយើងបានរៀបចំគណៈកម្មអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូ។ ក្នុងនោះយើងមានព្រឹត្តិការណ៍២ ទី១ រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទី២ រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ ២០២១។ បុណ្យសមុទនៅខេត្តព្រះសីហនុ មានជម្រើស២ ទី១ ធ្វើផ្ទៃក្នុង ទី២ ជាលក្ខណៈបើកទូលាយ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកោតសរសើរ អបអរសាទរ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគូសប្លង់ និងសាងសង់ ហើយខ្មែរធ្វើបាន ដែលសមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជម្រុញកំណើនទេសចរ និងសេដ្ឋកិច្ច បច្ចុប្បន្នភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ ។

ទេសចរក្នុងស្រុកដំណើរការ បានជួយដល់សេដ្ឋកិច្ចក្នុងស្រុកបានមួយផ្នែក យើងបានលើកទឹកចិត្ត និងធ្វើការណែនាំអំពីសុវត្ថិភាព និងសុខុមាលភាពដល់ភ្ញៀវក្នុងស្រុក ធ្វើឱ្យវិស័យទេសចរណ៍រក្សាបាននូវគុណភាព និងសេវាកម្មដោយធានាថា មិនមានផលប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយតម្រូវពាក់ម៉ាស់ លៀងសម្អាតដៃ រក្សាគម្លាតពីគ្នា និងការធ្វើអនាម័យជាដើម ។ ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដែលមានផ្លូវ ឆ្នេរសមុទ្រកោះ យើងក៏ត្រូវរៀបចំកន្លែងចតឡាន បង្គន់អនាម័យ បញ្ជរពត៌មាន ដើម្បីក្លាយជាគោលដៅទេសចរណ៍ទាក់ទាញ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ហើយយើងបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣នេះ ដោយមានរៀបចំពិពណ៌ពាណិជ្ជកម្ម និងផលិតផលខ្មែរ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច ត្រូវចុះទៅសិក្សាទីតាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំប្រព័ន្ធទឹក ភ្លើង ដើម្បីឱ្យពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូននាពេលខាងមុខ៕









No comments:

Post a Comment

Pages