ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ជំហ៊ានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ - BNP

Breaking

Wednesday, June 17, 2020

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ជំហ៊ានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ១២រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ជំហ៊ានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ មានការចូលរួមពីប្រធានសមាគមទេសចរណ៍ វិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំថា ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងមមាញឹក ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកឆ្នេរសមុទ្រដើម្បីបំរើឱ្យវិស័យទេសចរណ៍ក្នុងខេត្ត។ ការផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍នាពេលនេះ ស្របពេលដែលពិភពលោកមានការឆ្លងកូវីដ-១៩ វាមានលក្ខណៈខុសគ្នា អាស្រ័យទៅតាមវិធានការរបស់ប្រទេសនីមួយៗ ដោយអនុវត្តបានយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលក្នុងសហគម និងការអនុវត្តវិធានការចក្តាឡីស័ក រយៈពេល ១៤ថ្ងៃប្រកបដោយប្រសិទ្ធិភាព។ ដោយឡែកវិស័យទេសចរណ៍នៅកម្ពុជា ត្រូវអនុវត្តគ្រប់គ្រងតាមរបបថ្មី ដែលក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការ ៦ចំណុច៖
១.សេវាស្នាក់នៅ
២.ភោជនីយដ្ឋាន
៣.ដឹកជញ្ជូនទេសចរណ៍ផ្លូវគោក
៤.ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក
៥.រមណីយដ្ឋានទេសចរណ៍
៦.សហគមទេសចរណ៍ ។

ឯកឧត្តម ថោង ខុន បន្តថា ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សស្អាត ទីក្រុងទំនើបជាយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ ជាតំបន់មានភាពទាក់ទាញក្នុងការប្រកួតប្រជែងម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រៀមធ្វើម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដើម្បីបង្ហាញពីសក្តានុពលថ្មី មានការអភិវឌ្ឍទាក់ទាញពិភពលោក ដូច្នេះយើងត្រូវចូលរួមទាំង អស់គ្នាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាពិធីផ្សព្វផ្សាយសុវត្ថិភាពទេសចរណ៍ជំហានទី១ មានគោលបំណងធានាដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងធ្វើដំណើរមានសុវត្ថិភាព ក្នុងការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរប្រកបដោយគុណភាពសុវត្ថិភាព និងអនាម័យ ឆ្លើយតបនឹងវិបត្តិនៃការរីករាល ដាលជំងឺកូវីដ-១៩ ។ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០នាក់ បានព្យាបាលជាសះស្បើយ និងវិលត្រឡប់ទៅកាន់លំនៅឋាន និងប្រទេសកំណើតពួកគេវិញ។ វិធានការដោះស្រាយការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ covid-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានយ៉ាងម៉ឹងម៉ាត់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ពិសេសការសម្រចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ទោះបីកូវីដ-១៩ នៅខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មី ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត នៅតែអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ ព្រមទាំងប្រតិបត្តិករទេសចរទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេសអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ដល់ប្រជាពលរដ្ន និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន។ វិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្ម ជាតិរបស់ប្រទេស។ ការស្ថាបនាផ្លូវអាទិ ភាព ៣៤ខ្សែ ប្រវែង ៨២,៥០៥ម៉ែត្រ ចែកចេញជា ៣ប្រភេទ រួមមាន មហាវិថី វិថី និងអនុវិថី សម្រាប់ទីក្រុងទំនើប ផ្ដោតលើគុណភាពភាពធន់នឹងអាកាសធាតុ និងផ្ដល់លើផ្លូវថ្មើជើង ផ្លូវជិះកង់ សួនជំរាបទឹក ប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍន៍មួយដ៏សំខាន់ និងជាទីក្រុងឆ្លាតវៃ ៕





No comments:

Post a Comment

Pages