រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សា - BNP

Breaking

Saturday, May 30, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សា

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងទាំង៣ នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង/ស្រុកទាំង៨ ចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលកន្លងមកខេត្តកំពង់ឆ្នាំងបានធ្វើការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ស្របតាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងកំណើនសេដ្ឋកិច្ច ដែលធានា អោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងមានជីវភាពធូធារ។ ឯកឧត្តមក៏បានលើកនូវទិសដៅសំខាន់ៗចំនួន១៥ចំណុចដើម្បីដាក់ជូនក្រុមប្រឹក្សាពិភាក្សានិងអនុម័តផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈ បើទោះបីជាមានការអភិវឌ្ឍយ៉ាងណាក៏ដោយ ក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរៀបចំ កែលំអរ និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនោះអោយបានទាន់ពេលវេលាស្រមតាមនិតិវិធីច្បាប់។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សម្រេចបានតាមផែនការសកម្មភាពក្នុងខែឧសភា ឆ្នាំ២០២០។ ឯកឧត្ដមបានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក ត្រូវរួមគ្នាដើម្បីសម្រេចអោយបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ ជាពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមបន្តផ្សព្វផ្សាយ អប់រំ ពីវិធានការការពារ ការរីករាលដាល ជំងឺកូវីដ ១៩ និងវិធានការ ដាក់ខ្លួនអោយនៅដាច់ដោយឡែក ព្រមទាំងដោះស្រាយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេមាយកូនច្រើន និងជំងឺផ្សេងៗទៀត អោយបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនោះដែរក្រុមប្រឹក្សាខេត្តក៏បានអនុម័តសេចក្តីព្រាង៣ចំនុចរួមមានៈ
១.របៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត ៕







No comments:

Post a Comment

Pages