ពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២១គ្រួសារ ស្ថិតនៅក្នុងឃុំល្វាសរ និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល - BNP

Breaking

Thursday, May 14, 2020

ពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២១គ្រួសារ ស្ថិតនៅក្នុងឃុំល្វាសរ និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២១គ្រួសារ ស្ថិតនៅក្នុងឃុំល្វាសរ និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មានមតិសំណេះសំណាល លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។ ជាមួយគ្នានេះលោកនាយកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកនាយកក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះ លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តទាំងអស់គ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ៣គឺ៖ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ពិសេសត្រូវលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលយើងចេញទៅក្រៅផ្ទះ ឬទៅប្រាស្រ័យទាក់ទងជាមួយមហាជននានា ។

អំណោយជាគ្រឿងឧបភោគបរិភោគ ដែលសាខាបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ ២០គីឡូក្រាម ,មី ១កេស , ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,អាវយឺត ៥ ,ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដប ,សាប៊ូម្សៅ ២កញ្ចប់ ,ឆៃប៉ូវ ១គីឡូក្រាម និងខ្ទឹមស ចំនួន ០,៥ គីឡូក្រាម ។

ដោយឡែកគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុង ៣គ្រួសារ សាខាបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗ ចំនួន ៤០ម៉ឺនរៀល និងកៅស៊ូតង់ ១ផ្ទាំង ,គ្រួសាររងគ្រោះប៉ើងដំបូលផ្ទះធ្ងន់ធ្ងរ ចំនួន ១គ្រួសារ ថវិកា ១៥ម៉ឺនរៀល និងអ្នករងគ្រោះប៉ើងដំបូលដោយអន្លើ ចំនួន ១៧គ្រួសារ ក្នុង ១គ្រួសារៗ ថវិកាចំនួន ១០ម៉ឺនរៀល ។ រីឯអ្នករងរបួសធ្ងន់ ១នាក់ ឧបត្ថម្ភថវិកា ១០ម៉ឺនរៀលផងដែរ ៕




No comments:

Post a Comment

Pages