កិច្ចប្រជុំក្រុមការងារពិនិត្យការងារទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ - BNP

Breaking

Saturday, April 4, 2020

កិច្ចប្រជុំក្រុមការងារពិនិត្យការងារទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារ ដើម្បីទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ដើម្បីពិនិត្យ និងតាមដានពីសកម្មភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរក្រុងស្រុកទាំងអស់ក្នុងខេត្ត ។

កិច្ចប្រជុំទទួលបានលទ្ធផលដូចក្រោម៖
១/.បណ្តាស្រុក​ និងឃុំ គួរត្រៀមរកកន្លែងរក្សាទុកឲ្យនៅដោយឡែកចំពោះពលករដែលអាចមានមកថ្មីៗទៀតពីកន្លែងដែលមានការប្រឈមខ្ពស់ ប្រសិនបើពលករនៅតែមានការត្រឡប់មកវិញជាបន្តទៀតពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
២/.ក្រុមការងារ នឹងខិតខំទំនាក់ទំនងជាមួយបណ្តាខេត្តនានាជាប់ព្រំដែនដើម្បីក្តាប់ឲ្យបានតួលេខ​ច្បាស់លាស់ និងដឹងពីប្រភពទីកន្លែង និងមុខរបរដែល​ពលករបំពេញការងារ។
៣/.ស្រុកនីមួយៗគួរគ្រោងទុកពីចំនួនពលករដែល​នឹងអាចដាក់ឲ្យនៅដោយឡែកមុននឺងត្រឡប់ទៅផ្ទះវិញ ពីតម្រូវការសម្ភារៈ ថវិកា ចាំបាច់នានា។
៤/.ស្រុកនីមួយៗ ត្រូវបន្តគ្រប់គ្រងឲ្យបាននូវ Taxy ដែលបានដឹកពលករមកពីព្រំដែន ដោយសហការជាមួយ ស្រុកប្រតិបត្តិសុខាភិបាល(OD)និងមណ្ឌលសុខភាព(HC) អប់រំឲ្យពួកគាត់ ប្រកាន់ខ្ជាប់នូវវិធានអនាម័យនិងការសម្លាប់មេរោគជាប្រចាំលើយានយន្តរបស់គាត់។
៥/.ស្រុកនិងឃុំ ត្រូវសហការ ជាមួយ OD & HC តាមដានជាប្រចាំអ្នកដែលត្រលប់មកពីមុន ក្រែងមានរោគសញ្ញាលេចឡើង ត្រូវរាយការណ៍ជាបន្ទាន់។
៦/.សិក្សាស្រាវជ្រាវពីលទ្ធភាពពលករដែលអាចនឹងត្រឡប់មកវិញ តាមរយៈ៖
-ក្រុមហ៊ុននាំពលករទៅប្រទេសថៃ (មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ)
-បងប្អូន សាច់ញាតិ ដែលនឹងប្រាប់គ្នាថាត្រឡប់មកផ្ទះ (អាជ្ញាធរមូលដ្ឋាន)
-ប៉ាន់ប្រមាណលើស្ថិតិ ចំណាកស្រុកនិងចំណូលស្រុកដែលមានស្រាប់។
៧/.សំណូមពរមន្ទីរព័ត៌មានខេត្តបង្កើនការផ្សព្វផ្សាយពីគុណប្រយោជន៍នៃការនៅដោយឡែកបន្ទាប់ពីត្រឡប់ពីបរទេសលើគ្រប់រូបភាព និងគ្រប់មធ្យោបាយនៃបណ្តាញទំនាក់ទំនងសង្គម និងសំណូមពរអ្នកពាក់ពន្ធ័ឲ្យជួយ Share ឲ្យបានទូលំទូលាយ៕





No comments:

Post a Comment

Pages