គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំស្តីពីកិច្ចសហការ​ក្នុងការឆ្លើយតបនឹងវិបត្តិ កូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ - BNP

Breaking

Wednesday, April 29, 2020

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំស្តីពីកិច្ចសហការ​ក្នុងការឆ្លើយតបនឹងវិបត្តិ កូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការ​ជាតិ​​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយអង្គការអន្តរជាតិ​ទេសន្តរប្រវេសន៍ IOM បើកកិច្ចប្រជុំស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ កូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការចូលរូមពី អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអង្គការ IOM  ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា កិច្ចនេះគឺធ្វើឡើងដើម្បីស្វែងរកការចូលរួមពីដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិល ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ លើជនទេស្តរប្រវេសន៍ និងសហគមន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពតាម​សហគមន៍របស់អង្គការដៃគូរ និងមេរៀនទទួលបាន និងសម្រេចលើ​គោលការណ៍សកម្មភាពរួមគ្នា ដែលត្រូវអនុវត្ត នៅតាមបណ្តាសហគមន៍ ដែលមានជនទេស្តរប្រវេសន៍វិលត្រឡប់ ដែលប្រឈមនឹងការខ្វះខាត ដើម្បីលើកកម្ពស់សុខភាព និងកិច្ចការពារ ព្រមទាំងដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀង និងជីវភាពរស់នៅផងដែរ។

លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ នឹងពិភាក្សាគ្នាលម្អិតបន្ថែមលើការ​ធ្វើបច្ចុប្បន្នភាពលើយន្តការរបស់រាជរដ្ឋាភិបាល ស្តីពីការឆ្លើយតបនូវគម្រោង​ក្នុងការឆ្លើយតបចំពោះកូវីដ១៩ (COVID-19) និងការវិលត្រឡប់របស់ជនចំណាកស្រុក ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ផងដែរ។

ជាងនេះទៀត កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឲ្យអង្គប្រជុំទាំងមូល ចែករំលែកបទពិសោធន៍ និងគំនិតសំខាន់ៗ ឬក៏ជាសំណូមនានា ដើម្បីពិភាក្សារកចំនុច ឬក៏គោលបំណង​រួមសម្រាប់ធ្វើកិច្ចសហការរួមគ្នាបន្ត ធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩​ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕








No comments:

Post a Comment

Pages