ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញទៅពិនិត្យទីតាំង អគារសាលារៀន នឹងផ្ទះសំណាក់ត្រៀមព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ក្នុងខេត្តកំពត - BNP

Breaking

Saturday, April 11, 2020

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញទៅពិនិត្យទីតាំង អគារសាលារៀន នឹងផ្ទះសំណាក់ត្រៀមព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ក្នុងខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា អមដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពជុំវិញខេត្តកំពត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញ ចុះពិនិត្យដល់ទីតាំង អគារសាលារៀន និងផ្ទះសំណាក់ក្នុងខេត្ត ដែលរដ្ឋបាលខេត្តកំពត បានត្រៀមលក្ខណៈសម្បត្តិ ដើម្បីជាកន្លែងសម្រាប់ត្រៀមដាក់ព្យាបាលអ្នកជំងឺក្នុងករណីប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩។

អគារសាលារៀននឹងផ្ទះសំណាក់ ដែលរដ្ឋបាលខេត្តបានត្រៀមជាកន្លែងសម្រាប់ ការសម្រាក​ និងព្យាបាលអ្នកជំងឺក្នុងករណីពលរដ្ឋមានឆ្លងជំងឺកូវីដ១៩នេះ គឺជាការអនុវត្តស្របទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណា ធានាឱ្យរដ្ឋបាលថ្នាក់ខេត្ត ចូលរួមត្រៀមលក្ខណៈសម្បត្តិជាស្រេច ទាំងបន្ទប់ គ្រូពេទ្យនិងកន្លែងសម្រាកព្យាបាលអ្នកជំងឺ ដោយមានការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងគ្រែ កង្ហាល់ អំពូលភ្លើង និងបន្ទប់ទឹក បង្គន់អនាម័យជាដើម។

នាឱកាសនោះឯកឧត្តមបណ្ឌិត​ ប៉ែន ស៊ីម៉ន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត នឹងមន្ទីរអង្គភាព ពាក់ព័ន្ធដែលបានយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈម្ចាស់ការរួចរាល់ជាស្រេចបានល្អប្រសើរ សម្រាប់ជាកន្លែងព្យាបាលក្នុងករណី មានផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តមបណ្ឌិត​ ប៉ែន ស៊ីម៉ន ក៏បានណែនាំផ្ដាំផ្ញើ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្តកំពត នៅពេលដែលរដ្ឋបាលខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងពេលណាមួយក៏ដោយ ត្រូវតែមានការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព និងទំនុបបំរុងស្បៀងអាហារជូនពួកគាត់ឲ្យបានល្អ ហើយបើករណីពិនិត្យទៅឃើញមានការសង្ស័យ ចំពោះបញ្ហាការឆ្លងជំងឺកូវីដ១៩នេះ សូមធ្វើការណែនាំនិងដាក់គាត់ឲ្យនៅសម្រាក ដើម្បីបន្តតាមដានពិនិត្យនិងព្យាបាលឱ្យបានជាសះស្បើយសិន ទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះសម្បែងក្នុងមូលដ្ឋានរបស់ពួកគាត់វិញ។

ចំណែកឯប្រជាពលរដ្ឋត្រួតពិនិត្យហើយ ដែលមិនមានការសង្ស័យចំពោះសុខភាពនៃការឆ្លងជំងឺកូវីដ១៩នេះទេ ក៏ត្រូវតែអប់រំណែនាំដល់ពួកគាត់នៅពេលទៅដល់ផ្ទះសម្បែង សូមកុំប្រញាប់រស់នៅស្និទ្ធស្នាលជាមួយសមាជិកគ្រួសារ គឺត្រូវសម្រាករស់នៅដាក់ខ្លួនដោយឡែករយៈពេល១៤ថ្ងៃសិនផងដែរ។

ឯកឧត្តមបណ្ឌិត​ ក៏បានណែនាំផ្ដាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធត្រូវតែអនុវត្តដាក់បទបញ្ជា វិធានការណែនាំរបស់រាជរដ្ឋាភិបាល ជូនដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ត្រូវរួមគ្នាផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមកុំឲ្យមានការជួបជុំគ្នាច្រើន ដែលសកម្មភាពនេះងាយនឹងនាំឱ្យការឆ្លងជំងឺកូរវិដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើង។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពតបានរៀបចំទីតាំងនិងកន្លែងសម្រាប់ត្រៀមបម្រុងដាក់ការព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពតមាន ចំនួន៣ទីតាំង និងនៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ទៀតក្នុងស្រុកមួយចំនួននៃខេត្តកំពត មានចំនួន២៥៤បន្ទប់។





No comments:

Post a Comment

Pages