នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានភាពហ្នឹងនរ កុំតក់ស្លុតហួសហេតុ និងចូលរួមបង្ការការឆ្លងមេរោគ Covid-19 - BNP

Breaking

Thursday, March 12, 2020

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានភាពហ្នឹងនរ កុំតក់ស្លុតហួសហេតុ និងចូលរួមបង្ការការឆ្លងមេរោគ Covid-19

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ស ខេង ជូនចំពោះលោក លោកស្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ បានណែនាំនូវកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននៅក្នុងឆ្នាំ២០២០ ដូចខាងក្រោម៖
ទី១. គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបង្កើន ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តពណ៌។
ទី២. អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់សេវាសាធារណឲ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឲ្យចូលរួមអនុវត្ត គោល នយោបាយ“ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន ជាដើម ។ល។
ទី៣. រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្ត សំដៅបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ទី៤. រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានាមានបញ្ហាសំណង់ បញ្ហាសំរាម និងអនាម័យ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង។
ទី៥. រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្រុង ស្រុក ត្រូវបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា និងគាំទ្រដល់ឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងពង្រឹងសមត្ថភាព ដើម្បីជួយ គាំទ្រ ឃុំ សង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។
ទី៦. រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាពច្រកចេញចូល តែមួយដើម្បីធានាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
ទី៧. អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ ព្រំដែន។
ទី៨. ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួន សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមាន ភាពហ្នឹងនរ កុំតក់ស្លុតហួសហេតុ ត្រូវអនុវត្តវិធានការបង្ការ ការពារកុំឱ្យឆ្លងមេរោគ Covid-19 ដោយត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារដែលចម្អិនបានត្រឹមត្រូវជានិច្ច៕






No comments:

Post a Comment

Pages