រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្តួចផ្តើមរបស់សមាគមជប៉ុន សន្យាផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ - BNP

Breaking

Thursday, March 19, 2020

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្តួចផ្តើមរបស់សមាគមជប៉ុន សន្យាផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។ តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះ កម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។

ជាកិច្ចឆ្លើយតប លោកហ្វូមីអាគី បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចរបស់ក្រុមធុរជនជប៉ុន ដែលសមាគមជប៉ុន-កម្ពុជា បានដឹកនាំមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ ដោយមានការគាំទ្រខ្លាំងកាលពីឆ្នាំមុន សមាគមជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងតំបន់។ ដំណើរទស្សនកិច្ចនោះ សមាគមជប៉ុន-កម្ពុជា នឹងនាំមកនូវសហគ្រាសធុនតូច និងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រាសទាំងនោះមិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ទេរចំណេះដឹង និងបច្ចេកទេសថែមទៀតមកកម្ពុជា។ ក្នុងឱកាសនោះដែរ សមាជិកសមាគមជប៉ុន-កម្ពុជាមួយរូប ដែលកំពុងតែសិក្សាអំពីការផលិតផលិតផលសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបង្កើតម៉ាកបញ្ជាក់គុណភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារ។

លោករដ្ឋមន្ត្រី បានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឲ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ ចូលរួមនៅក្នុងតាំងពិព៌រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ផងដែរ។ ទាក់ទងនឹងការបង្កើតម៉ាកនានា លោករដ្ឋមន្ត្រី បានណែនាំឲ្យធ្វើការជិតស្និតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែមលើករណីនេះ៕




No comments:

Post a Comment

Pages