វេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ - BNP

Breaking

Thursday, February 6, 2020

វេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ

ព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំធ្វើវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យសំបួរ ស្រុកក្រឡាញ់ ក្នុងគោលបំណងៈ ដើម្បីបង្កើនការយល់ដឹងពីការចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តាមរយៈការអប់រំ និងកាត់បន្ថយនូវរាល់ទស្សនៈ ឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់យុវវ័យ។

វេទិកានេះរៀបចំឡើង នៅអនុវិទ្យាល័យសំបួរក្រឡាញ់ និងវិទ្យាល័យស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត នឹងលោកនាយក នាយិកាសាលាអនុវិទ្យាល័យសំបួរ និងវិទ្យាល័យក្រឡាញ់។

ក្នុងឱកាសបើកវេទិកានេះ លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានលើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកការអភិវឌ្ឍន៍ដល់កុមារ យុវវ័យ/យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការសិក្សាជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបានចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅការសិក្សាលើជំនាញបច្ចេកទេស និងជំនាញ ឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ពេញលេញ ដល់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួន ប្រកបដោយគុណភាព។ ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

វេទិការនេះ ពិតជាបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ថាតើយុវវ័យ/យុវជន បានរួមចំណែកអ្វីខ្លះ ក្នុងការកសាងជាតិ មាតុភូមិ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអមនុស្សធម៌ គ្មានគុណធម៌ គ្មានព្រំវិហារធម៌ ភ្លើតភ្លើន ការសប្បាយហួសលទ្ធភាព ហ៊ានប្រលែងលេង និងល្បែងស្នេហាទំាងខ្លួននៅវ័យសិក្សា។

ក្នុងនោះដែរ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ទទួលស្គាល់ពីបំណងប្រាថ្នា តម្រូវការ និងលក្ខខណ្ឌយុវជន ដោយបានបញ្ជាក់ច្បាស់អំពីចក្ខុវិស័យ គោលបំណង  គោលដៅ និងយុទ្ធសាស្រ្តមួយចំនួន ដើម្បីប្រមូលផ្តុំកម្លាំងយុវជនគ្រប់មជ្ឈដ្ឋាន និងកៀរគរធនធាន សំដៅអភិវឌ្ឍយុវជនឲ្យក្លាយទៅជាពលរដ្ឋមានកាយសម្បទាចំណេះដឹង ចំណេះធ្វើ មានគំនិតផ្តួចផ្តើម គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព ដែលជាកត្តាកំណត់សក្តានុពលសេដ្ឋកិច្ចសង្គមជាតិទំាងមូល។

អ្នកចូលរួមក្នុងវេទិកានេះ មានអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤១៨នាក់ ក្នុងនោះស្រី ២៥៣នាក់។





No comments:

Post a Comment

Pages