ពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ - BNP

Breaking

Monday, February 24, 2020

ពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកប្រចាំភូមិភាគបឹងទន្លេសាប ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងរដ្ឋបាលខេត្តសៀមរាបបានសហការរៀបចំរយៈពេល២ថ្ងៃ ( ថ្ងៃទី២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ )។

នៅក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដែលបានរៀបចំឡើងនៅបឹងឈូក នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សារុបចំនួន៨០នាក់ មកពីសមាគមទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ) ចំនួន៤ខេត្តបានចូលរួម ( ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តពោធិសាត់ ) ។

តាមរយៈរបាយការណ៍របស់គណកម្មការរៀបចំការប្រកួត លោក ជា ប៊ុនហេង បានបញ្ជាក់ឲ្យដឹងថា ៖ ការប្រកួតអនុវត្តតាមរូបមន្តជម្រុះ ក្នុងនោះរួមមានវិញ្ញាសាប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ចម្ងាយ ១ ០០០ម៉ែត្រ និង ចម្ងាយ ៥០០ម៉ែត្រ ផ្នែកបុរស ។ នៅក្នុងកម្មវិធីនេះ ក៏មានកម្មវិធីប្រកួតដកស្រង់បច្ចេកទេសលើវិញ្ញាសា ទូកកានូ-កាយ៉ាក់ ចម្ងាយ ៥០០ម៉ែត្រ និងការប្រកួតដកស្រង់បច្ចេកទេស ប្រភេទកីឡាទូករ៉ូអ៊ីង ចម្ងាយ ៥០០ម៉ែត្រផងដែរ ។ លោកថា ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំផុស និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស និងឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងការប្រកួតនេះ សមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ខេត្តសៀមរាប ទទួលបានជ័យលាភី លើកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ និង ៥០០ម៉ែត្រ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ២ ខេត្តកំពង់ឆ្នាំង លេខ៣ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ចាប់អារម្មណ៍ថា តាមរយៈនៃព្រឹត្តិការណ៍នេះ គឺជាការបង្ហាញនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទរបស់ស្រុកបន្ទាយស្រី ។ តាមរយៈនៃព្រឹត្តិការណ៍នេះដែរ បានបង្ហាញឲ្យឃើញបន្ថែមទៀត សម្រាប់ការរៀបចំរមណីយដ្ឋានបឹងឈូកដ៏ទាក់ទាញ  ដែលមិនត្រឹមតែជារមណីយដ្ឋានសម្រាប់ការទស្សនាសម្រស់ធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ  ជាកន្លែងជួបជុំគ្នារីករាយនាចុងសប្តាហ៍ប៉ុណ្ណោះទេ តែរមណីយដ្ឋានបឹងឈូក ពិតជាត្រូវបានសម្លឹងឃើញថា ជាគោលដៅនៃការវិនិយោគសម្រាប់វិស័យទេសចរណ៍ តាមរយៈនៃការដាក់ឲ្យមានសេវាកម្មកំសាន្តលើផ្ទៃទឹក ( ទូកកានូ-កាយ៉ាក់ ) នេះជាដើម ដែលជាប្រភេទកីឡាពេញនិយមនៃភ្ញៀវបរទេស និងសម្រាប់ការសាកល្បងកំសាន្តរបស់ភ្ញៀវជាតិ ផងដែរ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថា ៖  បច្ចុប្បន្ននេះ ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង នៅកម្ពុជា   កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្របណ្តើរៗពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ។ 

ឯកឧត្តមផ្តល់អានុសាសន៍ថា ៖ ដើម្បីឱ្យប្រភេទកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ  “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព  ឆ្ពោះទៅព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣  ចាំបាច់ត្រូវខិតខំបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីបន្ថែមទៀត នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស ។ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ណាស់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ជាមួយនឹងការខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។ 

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកភូមិភាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០  បែងចែកជា៥ភូមិភាគ  រួមមានភូមិភាគរាជធានីភ្នំពេញ  ភូមិភាគវាលរាប  ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប និងភូមិភាគឦសាន ។  មុនការរៀបចំនៅភូមិភាគបឹងទន្លេសាប សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំរួចហើយនៅភូមិភាគវាលរាប និងភូមិភាគនិរតី  ៕





No comments:

Post a Comment

Pages