រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនដល់កុមារកំព្រាក្នុងខេត្តព្រះសីហនុ នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ - BNP

Breaking

Friday, February 14, 2020

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនដល់កុមារកំព្រាក្នុងខេត្តព្រះសីហនុ នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនដល់កុមារកំព្រាក្នុងខេត្តព្រះសីហនុ នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ រួមទាំងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរក្រុង ស្រុក ។

លោក សម សភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមានប្រសាសន៍ថា ការរៀបចំសំណេះសំណាល និងអាហារសាមគ្គីសម្រាប់កុមារកំព្រានៅខេត្តព្រះសីហនុ មកពី ៧មណ្ឌល ចំនួន ១១១នាក់
ក្នុងនោះមណ្ឌល នៃបុរីកុមារកំព្រារបស់រដ្ឋចំនួន ២១នាក់ យុវជន ១១នាក់, មណ្ឌលស្នាក់នៅបណ្ដោះអាសន្នអង្គការម្លប់តាប៉ាងចំនួន ១៧នាក់, មណ្ឌលផ្ទះនៃគ្រួសារចំនួន ២០នាក់, មណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ AOG ចំនួន ២៩នាក់, មណ្ឌលទឹកគ្រោះចំនួន ១០នាក់, មណ្ឌលក្តីសង្ឃឹមថ្មីចំនួន ៣នាក់ និងបានផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់យុវជន ជាអតីតកុមារកំព្រារស់នៅក្នុងមណ្ឌលបុរីកុមារខេត្តព្រះសីហនុ ចំនួន ១១នាក់ ដែលត្រូវធ្វើសមាហរណកម្មទៅរស់នៅជាគ្រួសារ និងសង្គម។ លោកបន្តថា មន្ទីរជាអ្នកផ្តល់ប្រឹក្សាសម្រាប់មណ្ឌលនីមួយៗ ក្នុងការមើលថែទាំអប់រំកុមារស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗកុមារកំព្រាដោយគូសបញ្ជាក់ថា ដោយសារការផ្ដួចផ្ដើមរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃនៃក្តីស្រឡាញ់សម្រាប់កុមារកំព្រាខេត្តព្រះសីហនុ ដើម្បីបង្កើននូវភាពកក់ក្តៅរវាងថ្នាក់ដឹកនាំចំពោះក្មួយៗកុមារកំព្រាមកពី ៧មណ្ឌល ក្នុងខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចំពោះកុមារកំព្រាទាំងអស់។ ព្រមទាំងធ្វើការផ្ដាំផ្ញើឱ្យក្មួយត្រូវខិតខំរៀនសូត្រប្រតិបត្តិខ្លួនឱ្យក្លាយខ្លួនជាកុមារល្អ ៣យ៉ាង គឺសិស្សល្អ កូនល្អ និងមិត្តល្អ ដែលជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ពិសេសត្រូវថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ១១ចំណុច ដើម្បីទប់ស្កាត់បង្ការការឆ្លងវីរុសកូរ៉ូណាថ្មី ។

ក្នុងឱកាសនោះ ក៏បានឧបត្ថម្ភថវិកា ជូនដល់កុមារកំព្រាក្នុងម្នាក់ៗ ២ម៉ឺនរៀល ដោយឡែកយុវជន១១នាក់ ដែលត្រូវធ្វើសមាហរណកម្មទៅរស់នៅជាមួយក្រុមគ្រួសារ និងសង្គម ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម ប៊ីចេង ១កញ្ចប់ មី ១កេស និងថវិកា ១.០៨០.០០០រៀល ៕






No comments:

Post a Comment

Pages