រដ្ឋបាលខេត្តកណ្ដាលបានដឹកនាំប្រតិភូជាង ១ពាន់នាក់ទៅទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ - BNP

Breaking

Saturday, January 4, 2020

រដ្ឋបាលខេត្តកណ្ដាលបានដឹកនាំប្រតិភូជាង ១ពាន់នាក់ទៅទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សា សន្តិភាព ស្ថេរភាព និងសន្តិសុខ ឲ្យបានគង់វង្ស ដើម្បីឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។ ឯកឧត្ដមអំពាវនាវបែបនេះ ក្នុងឱកាសឯកឧត្ដមដឹកនាំប្រតិភូខេត្តកណ្ដាល ជាថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមបណ្ដាក្រុង-ស្រុកទូទាំងខេត្ត ជាង១ពាន់នាក់ អញ្ជើញទស្សនកិច្ចសិក្សា នៅវិមានឈ្នះ ឈ្នះ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
ឯកឧត្ដមបន្តថា  សន្តិភាព ស្ថេរភាព និងសន្តិសុខ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ ព្រោះប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ហើយបើប្រទេសគ្មានសន្តិភាព គ្មានទេការអភិវឌ្ឍន៍ គ្មានទេប្រជាធិបតេយ្យ និងគ្មានទេសិទ្ធមនុស្ស ដូច្នេះយើងទាំងអស់គ្នាមានតួនាទីសំខាន់ណាស់ក្នុងការការពារ សន្តិភាព ស្ថេរភាព និងសន្តិសុខ អោយបានគង់វង្សរាប់រយ រាប់ពាន់ឆ្នាំតទៅ។
ឯកឧត្ដមបន្ថែមថា ក្នុងដំណើរទស្សនកិច្ចសិក្សា គឺចង់អោយមន្ត្រីរាជការ បានយល់ច្បាស់ពីអត្ថន័យ នៃវិមាន ឈ្នះ ឈ្នះ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន ពលិកម្ម ដ៏ធំធេង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ឈានដល់ការបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ជូនដល់ប្រជាជនកម្ពុជាគ្រប់និន្នាការនយោបាយ។ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមបណ្ដាក្រុង-ស្រុកទូទាំងខេត្ត  ចាំបាច់ត្រូវធ្វើការសិក្សាស្វែងយល់តាមរយៈទស្សនកិច្ចសិក្សានេះ ដើម្បីយកនូវចំណេះដឹង វិភាគ វាយតម្លៃ នូវមូលហេតុយ៉ាងត្រឹមត្រូវ គួបផ្សំជាមួយបទពិសោធន៍ការងារ ធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់ការអប់រំ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្តជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលបន្ថែមទៀត។
ឯកឧត្តមបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូខេត្តកណ្ដាលនឹងបានយល់ច្បាស់ អំពីអត្ថន័យជាប្រវត្តិសាស្ត្រ ដែលនាំមកនូវសន្តិភាពដ៏ពេញលេញសម្រាប់ប្រជាជាតិកម្ពុជា ហើយនឹងទទួលបាននូវបទពិសោធន៍សំខាន់ៗ នៃដំណើរការបង្រួបបង្រួមជាតិ កសាង និងការពារមាតុភូមិ។
ឯកឧត្តមក៏បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តកណ្ដាលនឹងដឹកនាំប្រតិភូ ក្នុងមួយឆ្នាំមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះចំនួន ៣ ដង ដោយលើកទី ១ គឺនៅចុងខែធ្នូ និងដើមខែមករា លើកទី២ នៅខែមីនាក្នុងទិវាសិទ្ធិនារី និងលើកទី ៣ នៅថ្ងៃទី២៨ ខែមិថុនាជារៀងរាល់ឆ្នាំ៕








No comments:

Post a Comment

Pages