អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវតែរឹងប៉ឹងជានិច្ច «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត» - BNP

Breaking

Friday, December 27, 2019

អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវតែរឹងប៉ឹងជានិច្ច «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត»

ខេត្តកំពង់ចាម៖ «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត បើទោះបីជាពេលនេះយើងកំពុងរស់នៅ ក្នុងពិការភាពលើភ្នែករាងកាយក៏ដោយ»។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជនពិការភាពកម្ពុជាលើកទី២១ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនពិការភាព ដើម្បីសង្គមប្រកបដោយបរិបន្ន» ដែលរៀបចំឡើងដោយអង្គការ អេជអាយ (HI) សហការជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ចាម នៅបរិវេណវត្តអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ 

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ជាក់ស្ដែងតំណាងបងប្អូនជាជនពិការម្នាក់ បានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួន ក្រោយពីបានជួបគ្រោះថ្នាក់ដោយសារគ្រាប់មីន និងពិការជើងហើយ  គាត់ក៏បានស្វែងរកព័ត៌មាន ពីដៃគូស្ដារនីតិសម្បទា និងបានភ្ជាប់ជើងសិប្បនិម្មិត និងបានធ្វើដំណើរឡើងវិញ ថែមទាំងទៅប្រកបមុខរបរលក់ត្រី រកម្រៃចិញ្ចឹមជីវិតគ្រួសារទៀតផង។

លោកបញ្ជាក់ថា នេះគឺជាចំណុចចាប់ផ្ដើម ដើម្បីឆ្ពោះទៅរកភាពជោគជ័យដោយពុំបានផ្តេកផ្ដួលទៅតាមព្រេងវាសនា ទៅតាមក្រុមណាមួយ ឬបុគ្គលណាមួយ នោះឡើយ ពោលគឺគាត់បានម្ចាស់ការដោយខ្លួនឯង ពីព្រោះថា យើងអត់មានពិការផ្លូវចិត្តទេ តែយើងពិការតែរូបរាងកាយប៉ុណ្ណោះ។

ដូច្នេះ ដរាបណាយើងនៅមានភាពជឿជាក់ គ្មានការបាក់ទឹកចិត្ត នៅស្រឡាញ់ដល់ក្រុមគ្រួសារ គឺយើងនៅតែចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ នេះ គឺជាបទពិសោធន៍មួយ ដែលបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងម្ចាស់ការដោយខ្លួនឯងសិន ដូចពាក្យមួយឃ្លាថា «ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯងជាមុនសិន»។ យ៉ាងណាម៉ិញ ដោយមានកិច្ចសហការពីអង្គការ HI បានចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យបងប្អូនជាជនពិការ មានសេចក្ដីសង្ឃឹមឡើងវិញ ពោលគឺពុំរស់ដោយក្ដីអស់សង្ឃឹម នៅក្នុងជីវិតពិការភាពនោះឡើយ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានជនពិការភាពប្រមាណជាង ១.០០០នាក់។ ទោះជាយ៉ាងណាក្ដី រាល់យន្តការទាំងឡាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចុះមក រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ តែងធ្វើការអនុវត្តយ៉ាងសកម្ម ដោយបានរំលេចចេញជាសកម្មភាពផ្សេងៗ បំរើដល់សេចក្ដីត្រូវរបស់បងប្អូនជាជនពិការភាព ទាំងការចូលរួមក្នុងផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ ផងដែរ។

លោក យឹង រិទ្ធី អនុប្រធានសម្របសម្រួលប្រតិបត្តិ នៃអង្គការ អេជអាយ (HI) បានបញ្ជាក់ថា ការប្រារព្ធពិធីខាងលើ គឺដើម្បីជម្រុញឲ្យបញ្ហាពិការភាព ត្រូវបានយល់ដឹងជាសាធារណៈនូវតម្រូវការរបស់ពួកគេ ក្នុងការចូលរួមក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ តាមរយៈការលើកកម្ពស់សិទ្ធិជនមានពិការភាព ការមិនរើសអើង កិច្ចការពារ និងការប្រមូលការគាំទ្រ ដើម្បីលុបបំបាត់ឧបសគ្គរបស់ជនពិការភាព។ ជាក់ស្ដែង នៅឆ្នាំ២០១៩ គិតត្រឹមខែធ្នូនេះ មជ្ឈមណ្ឌលស្ដារនីតិសម្បទាខេត្ត បានគាំទ្រដល់ជនមានពិការភាពចំនួន២.២៨០នាក់ ក្នុងនោះស្រ្តី ៧៦៥នាក់ កុមារី៤៥៦នាក់ និងកុមារា៦០២នាក់៕





No comments:

Post a Comment

Pages