ពិធីបិទក្បួនដង្ហែធម្មយាត្រាលើកទី២ នៅក្នុងក្រុងសៀមរាប - BNP

Breaking

Thursday, October 31, 2019

ពិធីបិទក្បួនដង្ហែធម្មយាត្រាលើកទី២ នៅក្នុងក្រុងសៀមរាប

 ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ខេត្តសៀមរាបបានរៀបចំធ្វើក្បូនដង្ហែធម្មយាត្រាលើកទី២ តាមគន្លងធម៌ព្រះអរិយសង្ឃ នៃតំបន់ទន្លេមេគង្គ មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អស់រយៈពេលជាង១០ថ្ងៃកន្លងមក ដែលផ្តើមចេញដំណើរពីវត្តព្រះធាតុជា ស្រុកលៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយឆ្លងកាត់តាមប្រទេសឡាវ , វៀតណាម , មីយ៉ាន់ម៉ា និងបិទបញ្ចប់កម្មវិធីនៅលើទឹកដីអង្គរវត្តដ៏បវរនាក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមរាជាធិបតីភាពសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និង ពុទ្ធបរិស័ទនៃប្រទេសទាំង៥ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋភិបាលកម្ពុជា សមាជិករដ្ឋសភា គណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាព និង ប្រជាពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ជាច្រើនរូប ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការស្វាគមន៍ចំពោះព្រះវត្តមានសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតព្រះសង្ឃរាជ ទេព វង្ស នៅក្នុងពិធីនេះ សំដៅលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនឡើង និង អរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ស៊ុផៈឆៃ វីរៈភុជង្គ ដែលបានរៀបចំ និងដឹកនាំក្បួនធម្មយាត្រានេះ មានដំណើរការប្រកបដោយភាពរលូន និង មានសុវត្ថិភាព តាមការគ្រោងទុក ជាពិសេសអរគុណចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានសហការរៀបចំក្បូនដង្ហែក្បួនធម្មយាត្រាលើកទី២នេះ  ប្រកបដោយភាពរលូន។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមថា ក្នុងស្មារតីនេះ សកម្មភាពចូលរួមប្រកបដោយផ្លែផ្កានេះ គឺជានិមិត្តរូបនៃឆន្ទៈដ៏ភ្លឺស្វាង បង្ហាញពីភាពទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ដែលជាភាពចាំបាច់ក្នុងសង្គមទាំងមូល និង ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយសុខសន្តិភាព និង ភាពសុខដុមរមនា និង ការអភិវឌ្ឍប្រកបដោយចីរភាព និង មានសីលធម៌ ហើយកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដែលបានទទួលនូវក្បូនដង្ហែក្បួនធម្មយាត្រាលើកទី២ នៅលើទឹកដីអង្គរដ៏បវរ ដែលជាទឹកដីនៃសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ 

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ជាសាសនារបស់រដ្ឋ ដែលភាគច្រើនលើសលប់នៃប្រជាជនខ្មែរ បានចាត់ទុកព្រះពុទ្ធសាសនាគឺជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ ដែលក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព និង ការលើកកម្ពស់វប្បធម៌ ខណៈដែលវត្តអារាម និង ព្រះសង្ឃរាប់ម៉ឺនអង្គនៅកម្ពុជា មិនគ្រាន់តែជាទីឋាន និង ទីសក្ការៈគោរពបូជាប៉ុណ្ណោះនោះទេ ថែមទាំងជាកន្លែងសម្រាប់ការបណ្ដុះបណ្ដាល នូវបញ្ញាញាណ ឬជាថ្នាលបណ្ដុះនូវមូលធនបញ្ញាញាណ និង ជាថ្នាលបណ្ដុះនូវបញ្ញវ័ន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យទៀតផង ៕







No comments:

Post a Comment

Pages