អបអរសាទរ​ ខេត្តកំពង់ឆ្នាំងទទួលបានពាន​ ODF លេខរៀងទី៥​ ជាខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាល​ - BNP

Breaking

Tuesday, June 20, 2023

អបអរសាទរ​ ខេត្តកំពង់ឆ្នាំងទទួលបានពាន​ ODF លេខរៀងទី៥​ ជាខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាល​

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងខេត្តកំពង់ស្ពឺ ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។


ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា៖ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ក្នុងខេត្តកំពង់ឆ្នាំងនេះ ក៏ដោយសារតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធ ដោយបានធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន , ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាំងពីទីក្រុងរហូតដល់ជនបទ ។ ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យអនាម័យ , ចលនាឱ្យមានការចូលរួមពីសហគមន៍ , ការរៀនសូត្រ ការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងការលំបាកក្នុងការទទួលបានសេវាផងដែរ ។ ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀត ដែលយើងត្រូវធ្វើ ។ យើងត្រូវធានាថា គ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាននិរន្តរភាពនៃសេវាអនាម័យស្អាត ។ ទាំងអស់គ្នាត្រូវការមួយជំហានទៀត ដើម្បី សម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក ។ ភាពជោគជ័យនេះដែរ ក៏នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តរភាព នូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ហើយត្រូវធានាថា បរិក្ខារទឹកស្អាត និងអនាម័យទាំងអស់ មានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្នុងខេត្តកំពង់ឆ្នាំង ខ្នងផ្ទះដែលមានបង្គន់ អនាម័យប្រើប្រាស់មានចំនួន១១៦៦៤៨ផ្ទះនៃចំនួនផ្ទះសរុប១៩៥ ៤០៦ខ្នង ។ ផ្ទះប្រើបង្គន់អនាម័យរួមមានចំនួន ១១ ២០២ខ្នង ចំណែកចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង ១០០% នៃចំនួនខ្នងផ្ទះសរុប ។ ស្ថានភាពក្រុងស្រុកដែលទទួលបានODF មានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ទទួលបាន ODF នៅចុងខែមីនាឆ្នាំ២០២៣កន្លងទៅនេះ៕





 

No comments:

Post a Comment

Pages