ទោះបីព្យុះទី៣ កើតមាន ក៏ភ្លៀងនៅក្នុងប្រទេសកម្ពុជា បន្តធ្លាក់រាយប៉ាយ បានល្អ មួយរយៈទៀត - BNP

Breaking

Wednesday, June 7, 2023

ទោះបីព្យុះទី៣ កើតមាន ក៏ភ្លៀងនៅក្នុងប្រទេសកម្ពុជា បន្តធ្លាក់រាយប៉ាយ បានល្អ មួយរយៈទៀត

ភ្នំពេញៈ   លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ថា វិសម្ពាធ TD នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេសហ្វីលីពីន វាបានវិវត្តទៅជាព្យុះទី៣ ឈ្មោះ ហ្គូចុល ( GUchol )  ខណៈពេលសម្ពាធទាប នៅក្នុងសមុទ្រចិនខាងត្បូង បានដើរចូល ដល់ឈូងសមុទ្រតុងកឹង បន្ទាប់ពីបានដើរកាត់លើកោះហៃណាំ ដោយនាំឱ្យនៅក្នុង ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប ជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងជំនាញ នេះ បាននិយាយឱ្យដឹងទៀតថា ព្យុះទី៣ ពេលនេះ វាមិនទាន់មានកម្លាំងស្រូបខ្លាំងនៅឡើយទេ។ តែវាអាចនឹងមានកម្លាំងស្រូបខ្លាំង នៅពេលវាដើរមកជិតភាគខាងជើង ប្រទេសហ្វីលីពីន រួចងាកទៅរកភាគឦសាន តាមគន្លងព្យុះទី២ នោះ វាអាចវិវត្តទៅជាព្យុះទីហ្វុង មានឥទ្ធិពលខ្លាំង  នៅពេលនោះ វាអាចមានកម្លាំងស្រូប ធ្វើឱ្យស្ថានភាពភ្លៀង នៅក្នុងប្រទេសកម្ពុជា ចុះខ្សោយ ព្រមពេលសម្ពាធទាប នៅក្នុងសមុទ្រចិនខាងត្បូង អស់ឥទ្ធិពល។ នៅពេលនេះ ស្ថានភាពភ្លៀង ធ្លាក់មានច្រើននៅតំបន់ មាត់សមុទ្រ និងតំបន់ខ្ពង់រាប ភាគឦសាន។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ លើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី  ក្នុងកម្រិតពីមធ្យម ទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថា លក្ខណៈធាតុអាកាស បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។

បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ដោយឡែក ចំពោះបណ្តា ខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀង អាចមានកម្រិតថមថយជាងបន្តិច ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់ ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើត មានឡើងជាយថាហេតុ៕




 

No comments:

Post a Comment

Pages