ដោយមនោសញ្ចេតនា!! អាជ្ញារធរខេត្តព្រះសីហនុ ធ្វើការអប់រំ នៅចំពោះមុខអាណាព្យាបាល ក្មេងទំនើង២៥នាក់ មិនទាន់គ្រប់អាយុ ក្នុងករណីលួចមានស្ថានទម្ងន់ទោស និងប្រើហិង្សាដោយចេតនា - BNP

Breaking

Saturday, June 17, 2023

ដោយមនោសញ្ចេតនា!! អាជ្ញារធរខេត្តព្រះសីហនុ ធ្វើការអប់រំ នៅចំពោះមុខអាណាព្យាបាល ក្មេងទំនើង២៥នាក់ មិនទាន់គ្រប់អាយុ ក្នុងករណីលួចមានស្ថានទម្ងន់ទោស និងប្រើហិង្សាដោយចេតនា

ព្រះសីហនុ៖ ក្រុមក្មេងទំនើង ២៥ នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) និងប្រើហិង្សាដោយចេតនា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានហៅអាណាព្យាបាល និងសហគមន៍ រួមមានអាជ្ញាធរ ភូមិ សង្កាត់ លោកគ្រូ អ្នកគ្រូ មកស្នងការនគរបាលខេត្ត ដើម្បីធ្វើការអប់រំដល់ក្មេងទំនើងទាំងនោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ចំពោះក្មេងទំនើងទាំងអស់ ដែលបានប្រព្រឹត្តអំពើអសន្តិសុខ នៅក្នុងក្រុងខេត្តព្រះសីហនុ តាមច្បាប់ក្មេងទំនើងទាំង ២៥ នាក់នេះ មានទោសគឺត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ ក៏ប៉ុន្តែដោយមនោសញ្ចេតនា ព្រោះក្មេងទំនើងទាំងនោះ មិនទាន់គ្រប់អាយុ និងជាសិស្សសាលា ទើបឯកឧត្តមអភិបាលខេត្ត បានអញ្ជើញអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ទាំងបួន មកធានានិងកំណត់ឲ្យក្មេងទាំងអស់ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង របស់អាជ្ញាធរសមត្ថកិច្ច អាណាព្យាបាលគ្រប់ជំហាន លុះត្រាតែមានការសម្របសម្រួល លើកលែងទោសណាមួយ ទើបរួចខ្លួន និងត្រូវឱ្យអាណាព្យាបាលនាំក្មេងទំនើងទាំងនេះ មកបង្ហាញមុខនៅតាមបណ្ដាប៉ុស្តិ៍នគរបាលទាំងបួន រៀងរាល់ថ្ងៃអាទិត្យ បើមិនឃើញឬបាត់ក្មេងទំនើងណាម្នាក់ មិនមកតាមការកំណត់ សមត្ថកិច្ចនឹងទៅចាប់ឃាត់ខ្លួន យកទៅអនុវត្តតាមនីតិវិធីច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង និងទុកឲ្យឱកាសឲ្យកែខ្លួន ដូចពេលនេះទៀតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ចំពោះក្មេងទំនើងទាំងអស់ថា បើមិនកែខ្លួនសមត្ថកិច្ចនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងបន្តទៀតនោះឡើយ ដែលនាំឱ្យបង្កអសន្តិសុខ នៅក្នងក្រុង។ ឯកឧត្តមបានបន្ថែមថា ក្មេងទំនើងទាំងអស់ ក្រោយពីត្រឡប់ទៅវិញ ត្រូវបញ្ឈប់ទំនាក់ទំនងបក្សពួកបងតូចបងធំបន្តទៅទៀត ហើយសមត្ថកិច្ចកំពុងតែបន្តតាមចាប់មុខសញ្ញា ដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខានតែបានផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា តាមរយលទ្ធផលកាស្រាវជ្រាវករណី លួចមានស្ថានទម្ងន់ទោសខាងលើ ក្រោយពីបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ពីជនរងគ្រោះ និង អ្នកនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ច បានកំណត់មុខសញ្ញា និង បង្ក្រាបចាប់ឃាត់ខ្លួនបាន ជនសង្ស័យបានជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

ករណីនេះ ជនសង្ស័យដែលជាក្រុមក្មេងស្ទាវ មានឈ្មោះ GOOD_BOY ហៅកាត់ GB បានខឹងភាគីជនរងគ្រោះ ដែលជាក្រុមក្មេងស្ទាវ BOY TAN ហៅកាត់ BT វត្ថុតាងដែលដកហូតបាន រួមមាន៖ ដាវ កាំបិតតាំងតោ កាំបិតផ្គាក់ ដំបងគ្រលាស់ កាំបិត និងមានម៉ូតូជាមធ្យោបាយ ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ច ឃើញថាមានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយក៏បានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តនីតិវិធីតាមច្បាប់។

កម្លាំងជំនាញ ក៏បានធ្វើការសាកសួរស្រាវជ្រាវ តាមចម្លើយរបស់ក្រុមទាំង២ បានឆ្លើយថា នៅក្នុងខេត្តព្រះសីហនុ មានក្រុមផ្សេងៗទៀត សរុប១៩ក្រុម មាន៣ក្រុមអុកឡុកបង្កជម្លោះ គឺ ក្រុម BOY TAN (BT) អនុវិទ្យាល័យសម្តេចឪ, ក្រុម GOOD BOY (GB) សាលាហ៊ុនសែនមិត្តភាព, ក្រុម DM សាលាគូរ៉ា, មាន២ក្រុមរំសាយ គឺ ក្រុមយ៉ាងគួរ (ចល័ត) ភូមិដូង និងក្រុម តាំងតោ នៅផ្សារលើ និង១៤ក្រុមទៀត គ្រាន់តែប្រមូលផ្ដុំជុំគ្នាដើរលេងប៉ុណ្ណោះ គឺក្រុម T4 នៅសាលាហ៊ុនសែនមិត្តភាព, ក្រុម 52 នៅខ្លាំងលើ (វ័យជំទង់), ក្រុម TK នៅឃ្លាំងលើ, ក្រុមបាយឆា នៅវិទ្យាល័យក្រុងព្រះសីហនុ, ក្រុម TK ស្ទឹងហាវ, ក្រុម AV (ចល័ត), ក្រុម young boy ក្រុងព្រះសីហនុ, ក្រុម KL ឃ្លាំងលើ , ក្រុម D BOY ក្បាលឆាយ, ក្រុម boy loy វត្តក្រោម , ក្រុម DC នៅតូបអូរពីរ , ក្រុម ៦៣ នៅក្រោយសាលាវិទ្យាល័យក្រុងព្រះសីហនុ ហើយពួកគេច្រើនប្រមូលផ្តុំគ្នា គឺនៅតាមសាលារៀន តូបកាហ្វេ តូបតាបប៊ីយតាមម៉ាត តាមសួនកំសាន្ត និងតាមឆ្នេរសមុទ្រ៕






 

No comments:

Post a Comment

Pages