ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅពីប្រធានាធិបតីទីម័រខាងកើត - BNP

Breaking

Tuesday, April 4, 2023

ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅពីប្រធានាធិបតីទីម័រខាងកើត

ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ប្រតិភូកីឡាកម្ពុជា ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្មាំ២០២៣ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុង Dili ។

គួរឲ្យដឹងថា ក្រោយធ្វើដំណើរដល់ទីក្រុង Dili ភ្លាម នៅរសៀលថ្ងៃដដែល ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta ក៏បានអនុញ្ញាតឲ្យប្រតិភូកម្ពុជា ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ចូលជួបសម្ដែងការគួរសម។

ឆ្លៀតឱកាសនោះ លោកប្រធានាធិបតីទីម័រ បានសម្ដែងការស្វាគមន៍ ចំពោះប្រតិភូកម្ពុជា ក៏ដូចជាវត្តមានព្រះអគ្គិជ័យ និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសទីម័រខាងកើត, មិនតែប៉ុណ្ណោះ លោកក៏បានរំឮកពីទំនាក់ទំនងដ៏ល្អរវាងទីម័រខាងកើត និងកម្ពុជាផងដែរ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែគាំទ្រប្រទេសទីម័រខាងកើត រហូតមក។

ទីម័រខាងកើត តែងតែព្យាយាមចូលរួមការប្រកួតរាល់ព្រឹត្តិការណ៍កីឡាក្នុងតំបន់អាស៊ាន ទោះបីលទ្ធផលបែបណាក៏ដោយ។ ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត ។ ដូច្នេះសម្រាប់ស៊ីហ្គេមនៅកម្ពុជា ក៏ដូចគ្នា គឺក្រុមអត្តពលិកទីម័រខាងកើត បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួត និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកប្រធានាធិបតី Jose Ramos-Horta ។

ជាមួយគ្នានោះ លោក ហោ សារុន បានថ្លែងអំណរគុណលោក Jose Ramos-Horta ដែលអនុញ្ញាតឲ្យប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសម និងទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ហើយលោកបានរំឮកពីដំណើរដើមទង នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា ដែលសុំពីកម្ដៅព្រះអាទិត្យ បង្កើតជាព្រះអគ្គិជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គវត្ត កាលពីថ្ងៃទី២១ ខែមីនា មុនដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាន ដោយផ្ដើមចេញពីវៀតណាម ហ្វីលពីន ឥណ្ឌូនេស៊ី រហូតទីម័រខាងកើតនាពេលនេះ ។

បេសកជនពិសេសខាងលើ បន្ដថា មកទល់ពេលនេះកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍លើកដំបូង បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

សម្រាប់ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Dili នឹងធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមេសាស្អែក ហើយក៏នឹងមានការអញ្ជើញចូលរួមរត់ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ពីលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើតផងដែរ ៕






 

No comments:

Post a Comment

Pages