ផ្លូវជាតិលេខ៤៨ ពីចំណុច PK ១៤១+ ៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង សម្រេចបានជិត ២២% ហើយ - BNP

Breaking

Friday, February 24, 2023

ផ្លូវជាតិលេខ៤៨ ពីចំណុច PK ១៤១+ ៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង សម្រេចបានជិត ២២% ហើយ

កោះកុង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ: ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ពីចំណុច PK ១៤១+ ៧៥០ (ចំការហ្លួង)ត្រង់បំបែកផ្លូវជាតិលេខ ៤ ដល់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង 

ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Ventureផងដែរ។


បេសកកម្មនេះត្រូវបានធ្វើឡើងក្នុងបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបច្ចេក ទេសក្នុងការសាងសង់ដើម្បីធានាបានថាក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។ ក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួន ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំផងដែរ។ 


លើកឡើងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ គម្រោងសាង សង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២% ហើយ។ តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។


ទាក់ទិននឹងដំណឹងចចាមអារ៉ាម ដែលបានលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់បានបោះបង់ចោលគម្រោងការងារ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមយកឱកាសនេះបញ្ជាក់ឱ្យបានច្បាស់ថា គឺមិនមានរឿងដូចដែលលេចលឺនោះឡើយ។ ជាក់ស្តែងក្នុងពេលនេះស្រាប់ យើងបានឃើញហើយថា ក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារទៅតាមផែនការ បើទោះបីជា មានបញ្ហាប្រឈមបន្តិចបន្តួច ដូចដែលបានរៀបរាប់ខាងលើ ដែលនាំឱ្យមានការយឺតយ៉ាវក៏ដោយ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការដាស់តឿន សាជាថ្មីម្តងទៀតដល់អ្នកបើកបរទាំងអស់ សូមចូល រួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា ការបំពានច្បាប់ចរាចរណ៍ មិនថាការបើកបរបញ្ច្រាសទិស ការបើកបរហួសល្បឿនកំណត់ ទាំងអស់នោះគឺជាទង្វើដែលប្រមាទអាយុជីវិតខ្លួន និងអ្នកដទៃជាខ្លាំង។


សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង៧៨លានដុល្លារអាមេរិក៕




 

No comments:

Post a Comment

Pages