អាជ្ញាធរសង្កាត់អូរជ្រៅចុះរៀបចំប្រពន្ធ័លូ បញ្ជៀសទឹកស្អុយចេញពីផ្លូវបេតុង ដែលបង្កឲ្យមានការដក់ទឹកស្អុយរលួយ - BNP

Breaking

Wednesday, February 1, 2023

អាជ្ញាធរសង្កាត់អូរជ្រៅចុះរៀបចំប្រពន្ធ័លូ បញ្ជៀសទឹកស្អុយចេញពីផ្លូវបេតុង ដែលបង្កឲ្យមានការដក់ទឹកស្អុយរលួយ

បន្ទាយមានជ័យ៖ អាជ្ញាធរសង្កាត់អូរជ្រៅចុះរៀបចំប្រពន្ធ័លូ បញ្ជៀសទឹកស្អុយចេញពីផ្លូវបេតុង ដែលបង្កឲ្យមានការដក់ទឹកស្អុយរលួយ ក្លាយជាភក់ជ្រាំ ធំក្លិនស្អុយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានប្រាប់ថា៖ កំណត់ផ្លូវបេតុងដែលអាជ្ញាធរសង្កាត់អូរជ្រៅ កំពុងតែចុះមកកាយរៀបចំប្រព័ន្ធលូ បញ្ជៀសទឹក ដក់លើផ្លូវ ដែលបង្កឲ្យមានការដក់ក្លិនស្អុយរលួយ បង្កប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះ និងធ្វើដំណើរឆ្លងកាត់ តាំងពីខែវស្សារហូតដល់ខែប្រាំង ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំស្នើសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយ។ 

ប្រជាពលរដ្ឋបញ្ជាក់ថា ទឹកដែលហូរដក់ស្អុយរលួយជះក្លិនស្អុយនៅលើផ្លូវបេតុងប្រវែងប្រមាណ៧០ម៉ែត្រ នេះ កើតចេញពីប្រជាពលរដ្ឋចំនួន២គ្រួសារ មួយគ្រួសារប្រកបអាជីវកម្មបោកអ៊ុត បង្ហូរមកលើផ្លូវ ឯមួយគ្រួសារទៀត គឺជាម្ចាស់ផ្ទះជួល បង្ហូរទឹកចេញពីបង្គន់ហូរមកលើផ្លូវ ព្រោះគ្មានប្រព័ន្ធលូបង្ហូរទឹកចេញ។

លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ឲ្យដឹងថា៖  បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយប្រព័ន្ធដើម្បីបញ្ចៀសទឹកស្អុយ ជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ លោក គ្រុយ គឹមលន ចៅសង្កាត់រងទី១ សង្កាត់អូរជ្រៅ និង លោក ម៉ៅ បូរ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់អូរជ្រៅ និងអាជ្ញាធរភូមិចុះមកសម្របសម្រួលជាមួយប្រជាពលរដ្ឋកាត់សំយ៉ាប ពង្រីកផ្លូវលំប្រវែងជាង៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងដាក់លូបញ្ចៀសទឹកស្អុយ។

លោក បញ្ជាក់ថា តំបន់នេះ គឺជាតំបន់សំណង់មិនទាន់រៀបរយ អាជ្ញាធរបានខិតខំពន្យល់និងសុំពង្រីកផ្លូវ ដាក់ប្រព័ន្ធ ជូនពួកគាត់ដើម្បីងាយស្រួលធ្វើដំណើរឆ្លងកាត់ ម្យ៉ាងវិញទៀត បើមានអគ្គីភ័យកើតឡើង គឺងាយស្រួលឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញជួយអន្តរាគមន៍៕(សៅនៅ)





 

No comments:

Post a Comment

Pages