គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានប្រមូល និងកម្ទេចចោល ព្រមទាំងបានរំដោះផ្ទៃដីចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា - BNP

Breaking

Saturday, February 18, 2023

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានប្រមូល និងកម្ទេចចោល ព្រមទាំងបានរំដោះផ្ទៃដីចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអោយដឹងថានៅរសៀលថ្ងៃទី ១៦ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន នៅក្នុងភូមិសាស្ត្រឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រមូល និងកម្ទេចចោល ព្រមទាំងបានរំដោះផ្ទៃដីចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើរនឹង ៦១ភាគរយ។

ប្រតិបត្តិការនេះធ្វើឡើងកម្លាំងជំនាញបោសម្អាតគ្រាប់មីន និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សកម្មភាពមីន ក្រោមប្រធានបទ «ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។

ជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃុំកោះស្តេច ស្រុកគិរីសាគរ បានក្លាយជាសមិទ្ធផលថ្មីមួយទៀត ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយបានប្រតិបត្តិការអនុវត្តជំហានទី២ នៃដែនការរំកិល ដោយសម្រេចបានលទ្ធផលជាច្រើនផលដែលលើប្រតិបត្តិការបោសម្អាតមីន។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំកោះស្តេច ព្រមទាំងកម្ទេចគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរំឮកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានក្នុងភូមិសាស្ត្រកោះស្តេច ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត។ «ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ១វិនាទីរស់ ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព»។

បើតាមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ នៅការដ្ឋានបោសម្អាតគ្រាប់មីន ក្នុងភូមិសាស្ត្រកោះស្តេច នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា៖ «សម្រាប់ប្រតិបត្តិការនេះ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយបានរំដោះផ្ទៃដី ពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើរនឹង ៦១ភាគរយ»។ 

ឧត្តមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។ ដោយឡែកសម្រាប់ផ្ទៃដីនៅសេសល់ចំនួន ៤៤៣,៦០១ម៉ែត្រក្រឡា គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២៣ តាមផែនការកំណត់៕





 

No comments:

Post a Comment

Pages