ក្រសួងអប់រំ ក៏បានបញ្ជាក់ឱ្យដឹង ពីការបញ្ចប់ទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងបាក់ឌុប និងរួមទាំងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា - BNP

Breaking

Thursday, January 5, 2023

ក្រសួងអប់រំ ក៏បានបញ្ជាក់ឱ្យដឹង ពីការបញ្ចប់ទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងបាក់ឌុប និងរួមទាំងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា

ភ្នំពេញ៖   ក្រសួងអប់រំ ក៏បានបញ្ជាក់ឱ្យដឹងពី ការបញ្ចប់ទទួល ពាក្យតវ៉ារបស់ បេក្ខជនប្រឡងបាក់ឌុប និងរួមទាំងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីប្រកាសព័ត៌មាន មួយ ដោយបានបង្ហាញពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំដែលបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ”សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ ពីប្រមុខ រាជរដ្ឋាភិបាល និងការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមានកិច្ច សហការល្អ រវាងក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែង រៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់។

ទាក់ទិនទៅនឹងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ា ចំពោះលទ្ធផលនៃ ការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាវិញ ក្រសួងមួយនេះ បានលើកឡើងដែរថា បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើកិច្ចការរបស់បេក្ខជន ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន មានការជឿទុកចិត្ត។

ជាមួយគ្នានេះ ក្រសួងអប់រំ បានឱ្យដឹងបន្ថែមថា ”ក្រោយពីបានបញ្ចប់ការពិនិត្យ បានរក ឃើញថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការ ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស ព័ត៌មាននេះតទៅ”។

ព្រមជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែរថា ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្ដល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្ត ឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រ ពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យ នៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូប ចងចាំថា ការព្យាយាម គង់បានសម្រេចដូចបំណង៕




 

No comments:

Post a Comment

Pages