អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងតាំងពិព័ណ៌ស្តីពី "ភូមិមួយផលិតផលមួយ" - BNP

Breaking

Saturday, October 8, 2022

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងតាំងពិព័ណ៌ស្តីពី "ភូមិមួយផលិតផលមួយ"

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក ង បណ្តែតប្រទីប បាញ់កាំជ្រួច និងការដាក់តាំងពិព័ណ៌ស្តីពី "ភូមិមួយផលិតផលមួយ" ព្រមទាំងមានការប្រគំតន្ត្រីខ្នាតធំ ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ឬក៏ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ នៅក្នុងក្រុងកំពង់ចាម។


ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅដងទន្លេមេគង្គ ក្រុងកំពង់ចាម។ ការរៀបចំពិធីខាងលើនេះ ដើម្បី បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្ត បានមកទស្សនាលេងកម្សាន្ត ។ ក្រៅពីនោះក៏មានការរៀបចំកម្មវិធីប្រគុំតន្រ្តីសប្បាយៗជាច្រើនប្រភេទទៀត ដើម្បី បង្កើនភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តផងដែរ ។ 


នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្ត ធ្វើការបូកសរុប ចំនួនទូក ង ទាំងអស់ ដែលមានក្នុងខេត្តដើម្បីបានដឹងអំពីចំនួនទូក ង សម្រាប់ធ្វើការបែង ចែកនិងរៀបចំការប្រណាំង ក្នុងពេលសមស្របដែលអាចធ្វើទៅបានអាចរៀបចំប្រណាំង ។ ត្រូវពង្រឹងការទ្វឹកហាត់ដល់កីឡាករ ត្រូវធានាថា កីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យ ផងដែរ ។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ និងលើទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។


សូមជម្រាបផងដែរថា បើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះ មានទូកចូលរួមប្រណាំងសរុប ចំនួន ៤៥ទូក ​៕











 

No comments:

Post a Comment

Pages