រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ខួបគម្រប់១០ ឆ្នាំ - BNP

Breaking

Monday, October 17, 2022

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ខួបគម្រប់១០ ឆ្នាំ

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ខួបគម្រប់១០ ឆ្នាំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។


បន្ទាប់ពីកម្មវិធីបង្សុកូល ឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីតបស្នងព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេស ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្ តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ 


ជាមួយនឹងមហាករុណាទិគុណ ដ៏ធំធេងប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសប្រជាពលរដ្ឋខេត្តកំពង់ចាម មានការសោកស្តាយយ៉ាងក្រៃលែង សម្រាប់ការចូលទីវង្គត់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។ 


ប្រជាពលរដ្ឋខ្មែរ សម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។


គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕






 

No comments:

Post a Comment

Pages