ជនជាតិចិនសុខៗដកកាំភ្លើងបាញ់មេឃ៦គ្រាប់ ជាប់ខ្នោះ បានសំរេច - BNP

Breaking

Saturday, October 29, 2022

ជនជាតិចិនសុខៗដកកាំភ្លើងបាញ់មេឃ៦គ្រាប់ ជាប់ខ្នោះ បានសំរេច

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តទំនើប ១គ្រឿង មកឈប់ចតក្បែរភោជនីយដ្ឋានមួយកន្លែង រួចចុះដកកាំភ្លើងខ្លីចេញពីកាបូប បាញ់ឡើងលើ (បាញ់មេឃ) ចំនួន៦គ្រាប់ បន្ទាប់មកបានដាក់កាំភ្លើងចូលកាបូបវិញ ដើរធ្វើព្រងើយ ធ្វើឱ្យប្រជាពលរដ្ឋភ័យ ឆោឡោ រាយការណ៍ប្តឹងកម្លាំងអាវុធហត្ថ ចុះអន្តរាគមន៍ ចាប់វាយខ្នោះបុរសចិន ជាខ្មាន់កាំភ្លើង នាំយកទៅសាកសួរភ្លាមៗផងដែរ។ 


ហេតុការណ៍ចិនទំនើង បាញ់បោះសេរីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរភោជនីយដ្ឋានមួយកន្លែង យីហោ ពិភពសាច់អាំង១៦៨ ស្ថិតនៅតាមផ្លូវ៤៥៦ កែងផ្លូវ១០៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។ 


ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន។ 


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិន ជាខ្មាន់កាំភ្លើងខាងលើ បានបើករថយន្តទំនើប ១គ្រឿង មកឈប់ចតក្បែរកន្លែងកើតហេតុ បន្ទាប់មក បានចុះពីលើរថយន្ត ហើយមិនដឹងថាមានរឿងមួម៉ៅក្តៅចិត្តអ្វី ស្រាប់តែដើរតាមបណ្តោយផ្លូវ៤៥៦ ក្នុងទិសដៅពីកើត ទៅលិច ដកកាំភ្លើខ្លីចេញពីកាបូប រួចបាញ់ទៅលើ (បាញ់មេឃ) ចំនួន៦គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ភ័យឆោឡោ នាំគ្នារត់រកកន្លែងពួនគ្រប់គ្នា។ 


ប្រភពដដែល បន្តថា បន្ទាប់ពីបាញ់ហើយ ខ្មាន់កាំភ្លើង ជនជាតិចិនខាងលើ បានយកកាំភ្លើងដាក់ចូលទៅក្នុងកាបូបវិញ ហើយដើរបន្តទៅមុខបាន ១០០ម៉ែត្រ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងអាវុធហត្ថខណ្ឌចម្ការមន ចុះទៅអន្តរាគមន៍ ធ្វើការចាប់វាយខ្នោះភ្លាមៗ ដោយដកហូតបានអាវុធខ្លី ចំនួន១ដើម (មិនស្គាល់ម៉ាក) ព្រមទាំងរកឃើញសំបកការ៍ទូស ចំនួន៦គ្រាប់។ 


ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់បោះសេរីខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនខ្លួនទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ 






 

No comments:

Post a Comment

Pages