កឋិនទានសាមគ្គីក្រសួងត្រូវបានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល - BNP

Breaking

Thursday, October 20, 2022

កឋិនទានសាមគ្គីក្រសួងត្រូវបានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានមូលមតិគ្នាជាឯកច្ឆ័ន្ធប្រារព្ធ ធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងឱកាសដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្វពិធីបុណ្យកឋិនទានប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។


សូមជម្រាបជូនថា៖ កម្មវិធីបុណ្យនេះបានចាប់ផ្តើមប្រារព្វឡើងនៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២:៣០នាទីរសៀល ពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញជួបជុំនៅទីស្ដីការក្រសួងដើម្បីចូលរួមពិធីក្រុងពាលីប្រារព្វធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សម្តែងធម្មទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ។  


លុះព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ បានដង្ហែអង្គកឋិនទាន តាមរថយន្តចេញពីទីស្តីការក្រសួងសំដៅទៅវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្ត កណ្ដាល ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបង្ហើយបុណ្យ។


គ្រឿងរណ្ដាប់ដែលបានដង្ហែយកទៅវេរប្រគេនព្រះសង្ឃនាឱកាសនោះរួមមាន៖ ស្បង់ ជីពរ សង្ឃាដី ត្រៃ គ្រែ ទៀន ធូប បាត្រ ឆ័ត្រ កន្ទេល ខ្នើយ កៅអី និងគ្រឿងសក្ការបូជាជាច្រើនទៀត រួមជាមួយនឹងបច្ច័យប្រមូលបានសរុបចំនួន ២៥០ ០០០ ០០០ រៀលផងដែរ៕











 

No comments:

Post a Comment

Pages