រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវតម្កល់យោធិនពីររូប បាត់បង់ជីវិតដោយសារជួយពលរដ្ឋ ជា គំរូ - BNP

Breaking

Monday, October 3, 2022

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវតម្កល់យោធិនពីររូប បាត់បង់ជីវិតដោយសារជួយពលរដ្ឋ ជា គំរូ

នៅថ្ងៃអាទិត្យទិ២ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវអង្គភាព និងមហាជនចូលរួមឧបត្ថម និងតម្កល់យោធិនពីររូបដែលបាត់បង់ជីវិតដោយសារជួយពលរដ្ឋក្នុងគ្រោះលង់ទឹក ថាជា គំរូ ឯកឧត្តម បានផ្តល់ថវិកា ជូនគ្រួសារសពម្នាក់ចំនួន ២លានរៀលផងដែរ។


ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ។ គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និងអង្គភាពរៀបចំជាពិធីបុណ្យ និង តម្កល់រូបលោកទាំងពីរជាគំរូហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល”។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១ និង២០ នាទី នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ឱ្យរួចផុតពីគ្រោះថ្នាក់តែជាអកុសល ត្រូវបានទឹកកួចលិចរហូតបាត់បង់ជីវិតយោធិន ចំនួន ២រូប។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ។ ពេលសង្គ្រោះក្មេងទាំង២នាក់បានហើយតែជាអកុសលទឹកហូរកួចខ្លាំងបណ្តាលឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង៕




 

No comments:

Post a Comment

Pages