ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងអភិបាលក្រុងកែប - BNP

Breaking

Saturday, August 27, 2022

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងអភិបាលក្រុងកែប

​   សាលប្រជុំសាលាក្រុងកែប​ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញ​ជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាលក្រុងកែប​ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត​ មន្ត្រីរាជការ​ កងកំលាំងទាំងបី​ និងអាជ្ញាធរមូលដ្ឋាន​ផងដែរ។ 

  យោងតាមអនុក្រឹត្យលេខ ៦៧១អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង លោក ខេង យ័ន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលក្រុងកែប។   បន្ទាប់ពីបានស្តាប់របាយការណ៍ លទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលក្រុងកែបសម្រេចបាននាពេលកន្លែងមក ដែលរាយការណ៍ដោយ​ លោកស្រី ទិត សុខា អតីតអភិបាលក្រុងកែប ដែលទើបទទួលភារកិច្ចថ្មី រួចមក ។

​   មានចំណាប់អារម្ម​ណ៍ និងប្ដេជ្ញាចិត្ត​ នាឱកាសនោះ​ លោក ខេង យ័ន អភិបាលក្រុងកែបថ្មី​ បានសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្ត តែងតាំង​ជាអភិបាលក្រុងកែប ដើម្បីជាការតបស្នងទៅនឹងទំនុកចិត្តក្នុងការប្រគល់ ភារកិច្ចថ្មីនេះ លោកអភិបាលក្រុងកែបថ្មី បានប្តេជ្ញាចិត្តសម្រួចឆន្ទ: ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ច បំរើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ស្មោះត្រង់ចំពោះ​ ជាតិ សាសនា ព្រះមហាក្សត្រ យកចិត្តទុកដាក់ ចូលរួមអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរ ថែមទៀត។ 

  មានមតីសំណេះសំណាល និងផ្តាំផ្ញើរ នាឱកានោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណអភិបាលខេត្តកែប មានប្រសាសន៍ថា៖ សមិទ្ធផលនានាក្នុងខេត្ត ដែលលោកស្រី ទិត សុខា អតីតអភិបាលក្រុងកែប​ បានរាយការណ៍ នាពេលនេះ​ គឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក​ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ​ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

  ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិត​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលរដ្ឋបាលក្រុងកែប សម្រេចបាននាពេលកន្លងមក ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងធានាបាននូវ និរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈ។ ឯកឧត្តម បានផ្តាំផ្ញើដល់ លោកអភិបាលក្រុងកែបដែលទទួលតំណែងថ្មី ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ រដ្ឋបាលសង្កាត់ មេភូមិ​ សំដៅលើក កំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។

  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាល​ខេត្ត​  ក៏ផ្ដល់អនុសាសន៍មួយចំនួន​ ជូនដល់​ រដ្ឋ​បាល​ក្រុងកែប​ សង្កាត់​ កងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ដូចខាងក្រោម៖

-ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន​ ដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ នៅរាល់សកម្មភាពប៉ុនប៉ងបង្កអោយមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។

-ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយប៉ភ្លឺជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា នូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុចអាល បង្កអោយមានហឹង្សាក្នុងសង្គម និងខិតខំអប់រំបំផុសប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ និងចៀសវាងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់។

-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងចៀសវាងការប្រើអំពើហឹង្សាតាមគ្រប់រូបភាព។

-ត្រូវជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល។

ជាពិសេសត្រូវ ខិតខំអប់រំផ្សព្វផ្សាយ ដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ អោយទៅទទួលវ៉ាក់សាំការពារជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់អោយបាន នូវរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ៕












 

No comments:

Post a Comment

Pages