លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង - BNP

Breaking

Monday, May 2, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានអានសារអបអរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកលោកជំទាវអភិបាលខេត្ត បានជម្រាបជូនអង្គពិធីទាំងមូល​ឱ្យបានជ្រាបផងដែរថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ និងបទដ្ឋានគតិយុត្តនានាជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កូវីដបំប្លែងថ្មី អូមីក្រុង និងជំងឺកាចសាហាវផ្សេងៗ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ ការងារចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ “ផែនការយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជាក្នុងឆ្នាំ២០២១” ដោយអនុវត្តតាមអភិក្រម “ផ្ការីក”។

រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយសម្រេចបានលទ្ធផល ដូចខាងក្រោម :

*ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួន ៩៧.៤០៤នាក់  ស្រី ៤៦.២៩១ នាក់  ស្មើនឹង ១០៦,០៨% ធៀបនឹងផែនការគោលដៅ

*កុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន ១៥.៩៦៨នាក់ ស្រី ៧.៧១៧នាក់ ស្មើនឹង ៩៨,៤២% ធៀបនឹងផែនការគោលដៅ

*កុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ១៧.១៧២នាក់  ស្រីចំនួន ៨.៣៩២នាក់ ស្មើនឹង ១១០,៤០% ធៀបនឹងផែនការគោលដៅ និងកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ៦.១៤០នាក់ ស្រីចំនួន ២៧៨៩នាក់

*មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្ត ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន ៧៧.៧៥៤នាក់ ស្រីចំនួន ៣៦.៨១២នាក់ និងដូសទី៤ ចំនួន ៦.៧៦២នាក់ ស្រីចំនួន ២.៣៤០នាក់។

ឯកឧត្តម លោកជំទាវ គណៈអធិបតី អង្គពិធីទាំងមូល ជាទីមេត្រី លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកោះកុង ទទួលបានលទ្ធផលខ្ពស់ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ អ្នកពាក់ព័ន្ធ និងមានការចូលរួមពីប្រជាពលរដ្ឋ និងកម្មករ កម្មការនីផ្ទាល់ ក្នុងការស្ម័គ្រចិត្តទទួលយកការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក ក៏ដូចជាពេលនេះតែម្តង។

ទន្ទឹមនឹងលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទនៈ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកមន្ទីរពេទ្យ និងអត្រាមរណភាព ប៉ុន្តែមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ នៅតែអាចបំប្លែងខ្លួន វិវឌ្ឍន៍ខ្លួន ទៅជាប្រភេទផ្សេងៗដូចជា អាល់ហ្វា ដែលតា និងអូមីក្រុងជាដើម ហើយថែមទាំងមានឱកាសក្នុងការឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ មនុស្សជុំវិញខ្លួន និងសហគមន៍។ ខ្ញុំក៏សូមជម្រាបជូនដែរថា នៅខេត្តកោះកុង ក៏មានអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៦៧នាក់ ស្រី ៤២នាក់ ក្នុងនោះស្លាប់ដោយ Delta ក៏មាន ៨នាក់ផងដែរ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង និងអ្នកខ្លះបានចាក់វ៉ាក់សាំងត្រឹមដូសទី១ និងមានជំងឺប្រចាំកាយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ពេលដែលកើតកូវីដគឺមិនធ្ងន់ធ្ងរ និងមិនប៉ះពាល់ដល់អាយុជីវិតទេ ព្យាបាលក៏ឆាប់ជាសៈស្បើយទៀតផង។

ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ”។ ការអនុវត្តវិធានការនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះ។ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាប្រចាំ ដើម្បីការពារបាននូវរាល់ការឆ្លងជំងឺគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព៕









 

No comments:

Post a Comment

Pages