ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង - BNP

Breaking

Thursday, March 17, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅរសៀលថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា  អនុសាខាក្រុងស្រុកទាំង១៤ មន្ត្រី ក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា។ 


បន្ទាប់ពីប្រជុំពិភាក្សារួច ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រសាសន៍ណែនាំដល់មន្រី្តប្រតិបត្តិសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុសផុល ហើយប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍស្ថាប័ន ម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល។


ឯកឧត្តមបានធ្វើការណែនាំដល់សាខា អនុសាខាកាកបាទក្រហមទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយ និងអប់រំ ពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំរុញដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ព្រោះឥឡូវនេះ ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតែជាបញ្ហាដែលកំពុងគំរាមកំហែងនៅក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមក្នុងការកាត់ផ្ដាច់ការឆ្លងជាសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ព្រោះដូសជំរុញគឺជាអាវក្រោះការពារមិនឲ្យឆ្លង ឬមិនមានអាការៈធ្ងន់ធ្ងរកើតឡើង ឬឆាប់ជាសះស្បើយ កាត់បន្ថយអាត្រាការស្លាប់ឲ្យនៅបានទាបជាងមុននៅពេលដែលបានឆ្លងក៏ដោយ៕





 

No comments:

Post a Comment

Pages