ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស ៖ ១០ឆ្នាំកន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព យ៉ាងសស្រាក់សស្រាំ ធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងមានភាពជឿជាក់ - BNP

Breaking

Tuesday, February 22, 2022

ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស ៖ ១០ឆ្នាំកន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព យ៉ាងសស្រាក់សស្រាំ ធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងមានភាពជឿជាក់


 ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រយៈពេល ១០ឆ្នាំកន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព យ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសភាពការណ៍សន្ដិសុខនៅតាមសហគមន៍កាន់តែមានភាពកក់ក្ដៅ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា និងមានភាពជឿជាក់។


នាឱកាសក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម សន្ដិបណ្ឌិត តេង សារង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងនូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលពាក់ព័ន្ធវិស័យជំនាញក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។


ឯកឧត្តម សន្ដិបណ្ឌិត តេង សារង្ស បានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេល១០ឆ្នាំ របស់ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាបន្ដបន្ទាប់ ធ្វើឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។


ឯកឧត្តម សន្ដិបណ្ឌិត រដ្ឋលេខាធិការ មានប្រសាសន៍ថា «រយៈពេល១០ កន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដែលធ្វើឱ្យសភាពការណ៍សន្ដិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ កាន់តែកក់ក្ដៅ ហើយប្រជាពលរដ្ឋទូទៅរស់នៅដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបង្កលក្ខណៈសម្បត្តិល្អប្រសើរ ដោយការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិលើគ្រប់វិស័យ»។


ឯកឧត្តម សន្ដិបណ្ឌិត បានបន្ថែមថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ ទុក្ខកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយភាពវិជ្ជមាន ក្រសួងមហាផ្ទៃ ជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គោលនយោបាយនេះ ឱ្យក្លាយជាគោលនយោបាយជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឯកភាព និងសម្រេចដាក់ចេញជាគោលនយោបាយជាតិ ស្ដីពី ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន៧ចំណុច។


សូមជម្រាបជូនដែរថា លក្ខណៈសម្បត្តិទាំង ០៧យ៉ាង នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រូវបានចាត់តាំងអនុវត្តតាមវិធានការជាមូលដ្ឋានដូចជា ៖ ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសង់ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព, ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

No comments:

Post a Comment

Pages