ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកណ្តាល បានផ្សព្វផ្សាយច្បាប់ និងបញ្ជ្រៀបការយល់ដឹងស្តីពីកិច្ចការពារបេតិកភណ្ឌជាតិ នៅស្រុកពញាឮ - BNP

Breaking

Monday, February 28, 2022

ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកណ្តាល បានផ្សព្វផ្សាយច្បាប់ និងបញ្ជ្រៀបការយល់ដឹងស្តីពីកិច្ចការពារបេតិកភណ្ឌជាតិ នៅស្រុកពញាឮ

ខេត្តកណ្តាល៖ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកណ្តាល បានអំពាវនាវ ដល់ អាជ្ញាធរស្រុកពញាឮគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា ការពារ ស្ថានីយបុរាណ​ វត្ថុបុរាណ និងសម្បត្តិវប្បធម៌ផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានគង់វង្សយូរអង្វែង។


ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ និងបញ្ជ្រៀបការយល់ដឹងស្តីពីកិច្ចការពារបេតិកភណ្ឌជាតិ  នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២  ក្នុងបរិវេណឧបដ្ឋានសាលា ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដល ដោយមានការចូលរួមពី លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកពញាឮ មន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។ 


លោកស្រី មួង សារឹម បានលើកឡើងថា ការថែរក្សា ការពារ ស្ថានីយបុរាណ​ វត្ថុបុរាណ និងសម្បត្តិវប្បធម៌ផ្សេងៗ គឺមិនមែនត្រឹមតែជាភារកិច្ចរបស់ក្រសួងវប្បធម៌ ឬអាជ្ញាធរខេត្ត ស្រុក ឃុំ តែម្ខាងនោះទេ គឺទាមទារ​មានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។


លោកស្រីបាន បន្តថា ការ​ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះឡើយ គឺជាការការពារវប្បធម៌ជាតិរបស់យើងទាំងឱ្យបានគង់វង្សនូវអ្វីដែលជាកេរដំណែលវប្បធម៌​របស់បុព្វបុរស​យើង ដែលលោកបានកសាងទុកជាតឹកតាងប្រវត្តិសាស្ត្រ អំពីការកកើត ជីវភាពរស់នៅ ការវិវឌ្ឍន៍​ពីសម័យកាលមួយទៅសម័យកាលមួយនៃដូនតាខ្មែរ និងដើម្បី​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីជាតិយើងទាំងមូល ក្នុងការចូលរួមថែរក្សាឱ្យបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពី​អត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំង​ពី​យូរលង់ណាស់មក​ហើយ ដែលមិនអាចឱ្យជាតិសាសន៍​ណាមក​បំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅទីនេះ ហើយកូនចៅជំនាន់នេះ និង​ជំនាន់​ក្រោយៗ បន្តសិក្សា ស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្រ​របស់ជាតិយើង។


លោកស្រីប្រធានមន្ទីរ បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ មន្ទីរបានសហការជាមួយអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃ​ក្រសួង​​វប្បធម៌និងវិចិត្រសិល្បៈ ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ នៅថ្នាក់ខេត្ត និងស្រុក បានចំនួន ១១ លើក សមាសភាពចូលរួមសរុប ២.០៣០ អង្គ/នាក់។ តាមផែនការ មន្ទីរនឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌនេះ យ៉ាងតិច ១លើក ក្នុង១ឆ្នាំ តែដោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទើបមន្ទីរបានផ្អាកចំនួន ២ឆ្នាំមកហើយ ហើយបន្តឡើងវិញនៅពេលនេះ និងបន្តធ្វើការបញ្ជ្រាបច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៅឆ្នាំ​បន្តបន្ទាប់ទៀត ។ 


ថ្លែងក្នុងពិធីនេះដែរ លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកពញាឮ បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយច្បាប់ និងបញ្ជ្រៀបការយល់ដឹងស្តីពីកិច្ចការពារបេតិកភណ្ឌជាតិ គឺមានសារសំខាន់ណាស់ គឺជាការបញ្ជ្រាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌ អំពីបទល្មើស នៃការជួញដូរ ចរាចរបំផ្លិចបំផ្លាញ និងរុករកវត្ថុបុរាណដោយខុសច្បាប់ សំខាន់គឺចង់បំផុសគំនិតដល់ប្រជាជនទូទៅគ្រប់ស្រទាប់វណ្ណៈ ពិសេសស្រទាប់យុវជនឱ្យ យល់នូវតម្លៃសម្បត្តិវប្បធម៌ជាតិ និងឱ្យបានដឹងនៅបញ្ហាដែលកំពុងប្រឈម ឱ្យបានយល់ ដឹងអំពីច្បាប់ការពារ និងការផ្ដន្ទាទោសអំពីបទល្មើសដែលខ្លួនបានប្រព្រឹត្ត ក្នុងការបំផ្លិចបំផ្លាញនូវសម្បត្តិវប្បធម៌ដែលបានបន្សល់ទុកដោយស្នាដៃដូនតារបស់យើងសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានដឹង និងចូលរួមថែរក្សាការពារនិងអភិរក្ស។


ឆ្លៀតក្នុងឱកាសនោះ លោកស្រីអភិបាលរងស្រុក បានផ្តាំផ្ញើដល់សិស្សានសិស្ស និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើការឆ្លង់រីរាលដាលនៃជំងឺកូវីដ-១៩បំលែងថ្មីប្រភេទអូមីក្រុង ត្រូវនាំគ្នាបន្តអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសអភិក្រម របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣កុំ និង៣ការពារ ឱ្យបានគ្រប់ៗគ្នា។











 

No comments:

Post a Comment

Pages