កិច្ចពិភាក្សាជាក្រុម នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ - BNP

Breaking

Wednesday, February 23, 2022

កិច្ចពិភាក្សាជាក្រុម នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុមពិភាក្សាជា៦ក្រុម ដើម្បីពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។ 


ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែងចែក និងណែនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល  រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


ក្នុងនោះ ក្រុមពិភាក្សានីមួយៗ បានពិភាក្សាលើប្រធានបទដែលបានកំណត់ជូនតាមក្រុម ជាមួយគ្នានេះដែរសមាជិកម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេល ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗមានប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការពិភាក្សា។ 

ក្រុមពិភាក្សាទាំង៦រួមមាន៖ 


-ក្រុមពិភាក្សាទី១ ដឹកនាំដោយឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ វឌ្ឍនភាព បញ្ហាប្រឈមពាកព័ន្ធនឹងការអនុវត្តរបស់ថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

-ក្រុមពិភាក្សាទី២ ដឹកនាំដោយឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន។


-ក្រុមពិភាក្សាទី៣ ដឹកនាំដោយឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទវឌ្ឍនភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម (ការចុះបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) កន្លងមកនិងគំនិតផ្តួចផ្តើម ដើម្បីតម្រង់ទិសដៅការផ្តល់សេវានេះឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងពន្លឿនការអនុវត្តក្នុងបរិបទនៃជំងឺកូវីដ១៩ (ការពង្រឹងយន្តការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិធានការនានាក្នុងការឆ្លើយតបសំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។


-ក្រុមពិភាក្សាទី៤ដឹកនាំដោយឯកឧត្តម សុខ ផល រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ បទពិសោធន៍ និងលទ្ធផលលើកការងារគ្រប់គ្រងជនបរទេសអន្តោប្រវេស្តនៅព្រះរាជាណាចក្រកម្ពុជា និងបទពិសោធន៍ និងលទ្ធផលនៃការអនុវត្តសេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់។


-ក្រុមពិភាក្សាទី៥ ដឹកនាំដោយឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការងារកែទម្រង់ពន្ធនាគារ ដោយផ្តោតលើការអនុវត្តចំណាត់ថ្នាក់ សន្តិសុខ ដើម្បីគ្រប់គ្រងជនជាប់ឃុំដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ការដោះស្រាយភាពចង្រ្អៀតណែនក្នុងពន្ធនាគារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំផ្លូវចិត្ត ការផ្តល់សេវាសុខាភិបាល កាទប់ស្កាត់កូវីដ១៩ ជំងឺឆ្លងផ្សេងៗ ចូលក្នុងពន្ធនាគារ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឈានទៅធានាបាននូវសុវត្ថិភាព និងសមាហរណកម្មក្នុងសហគមន៍។


-ក្រុមពិភាក្សាទី៦ ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល  រដ្ឋលេខាធិការ និងជាប្រធានពិភាក្សាលើប្រធាននបទ វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចូលរួម និងការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះរួមទាំងការពិនិត្យ សិក្សាទីតាំងដែលប្រជាពលរដ្ឋកាន់កាប់ ប្រើប្រាស់ជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន(ជាពិសេសទំនាស់ដីធ្លី)។

សូមជម្រាបថា ក្នុងការពិភាក្សាក្រុមនីមួយៗត្រូវចូលរួមពិនិត្យ ផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ។ បន្ទាប់មក បន្តការពិភាក្សាលើប្រធានបទដែលបានកំណត់សម្រាប់ក្រុមពិភាក្សានីមួយៗ ដោយលើកឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ រួមទាំងសំណូមពរ។ ក្រុមការងារនឹងបន្តធ្វើជារបាយការណ៍លម្អិតពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗ ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់មតិបូកសរុប និងមានមតិផ្តាំផ្ញើសម្រាប់ដឹកនាំទិសដៅការងារបន្ត៕








 

No comments:

Post a Comment

Pages