រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសម្ភោធអគារសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ - BNP

Breaking

Monday, February 21, 2022

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសម្ភោធអគារសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អគារសិក្សា ១ខ្នង ៤ជាន់ ស្មើនឹង១២បន្ទប់ បំពាក់គ្រឿងសង្ហារឹម ទាំងក្នុងនិងក្រៅថ្នាក់ ក្រាលស្មៅសិប្បនិមិត្តខាងមុខសាលា គូររូបតាមជញ្ជាំងរបង ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។


មានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ភោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីនៃសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ និងជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យកុមារតូចៗទទួលបានសេវាអប់រំ និងបំពេញតួនាទីសំខាន់ដល់ស្ថាប័ណ្ណក្នុងការបណ្ដុះបណ្ដាលបំប៉នបន្ថែម ដល់មតេយ្យសិក្សារដ្ឋ និងជាសាលារដ្ឋដែលមានថ្នាក់រៀន ទីចាត់ការ សាលប្រជុំ បណ្ណាល័យ និងរៀបចំឱ្យក្លាយជាសាលាមតេយ្យសិក្សាគំរូឈានមុខផងដែរ។ 


ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការអភិវឌ្ឍកុមារតូចនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការកើនឡើងចំនួនមត្តេយ្យសិក្សាសាធារណ: សាលាឯកជន មត្តេយ្យសហគមន៍ និងកម្មវិធីនៅតាមភូមិ-ឃុំទូទាំងប្រទេស រួមជាមួយការនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូមត្តេយ្យ និងការរិះរកនូវវិធីសាស្រ្តថ្មីសំដៅលើកកម្ពស់ការអភិវឌ្ឍនៅក្នុងសហគមន៍បន្ថែមទៀត។ ហើយកម្មវិធីអប់រំកុមារតូច គឺជាកម្មវិធីសម្រាប់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់កុមារ ហើយកុមារទទួលបាននូវសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព ជាពិសេស សមត្ថភាពពិចារណាដោះស្រាយបញ្ហា ស្មារតីស្រឡាញ់បរិស្ថាន និងការចូលចិត្តរបស់កុមារ ពិសេសជាងនេះទៀត មូលដ្ឋានគ្រឹះ ធ្វើឱ្យពួកគេក្លាយជាពលរដ្ឋពេញលេញ និងជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ ហើយកុមារដែលឆ្លងកាត់កម្មវិធីកុមារតូច នឹងទទួលបានការអភិវឌ្ឍខាងផ្នែករាងកាយ និងចលករ ដែលបានផ្ដល់នូវសារៈសំខាន់ទាំងអាហាររូបត្ថម្ភ និងការគាំពារក្នុងរយៈពេល១ពាន់ថ្ងៃដំបូង នៃបំណិនចលករកម្លាំង និងបំណិនចលករប៉ិនប្រសប់ រួមជាមួយការអភិវឌ្ឍបញ្ញា គឺការអភិវឌ្ឍន៍ភាសាបុរេអក្ខរកម្ម បុរេគណិត និងការដោះស្រាយបញ្ហា។


ដើម្បីទទួលបានឧត្តមប្រយោជន៍សម្រាប់ការអប់រំកុមារតូច នៃគុណភាព និងប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ស្នើដល់អ្នកគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវបន្តគោរពឱ្យបានពេញលេញនូវតម្លៃជាមូលដ្ឋាន និងកិច្ចសិក្សាច្បាស់លាស់កំណត់នូវផលសិក្សាខ្ពស់ ជាមួយគ្នានេះសូមអាណាព្យាបាលគ្រប់រូបនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តការគាំទ្រ លើកទឹកចិត្តជួយបង្រៀនបន្ថែមដល់កូនចៅ នៅតាមគ្រប់ទិដ្ឋភាពទាំងអស់ និងសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាពសិក្សា សុខភាពបុគ្គលិកអប់រំ ឱ្យសាកសមនូវគោលការណ៍ ៣ការពារ និង៣កុំ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រការការពារខ្លួនពីជំងឺកូវីដ-១៩ នៅក្នុងបរិបទនៃការឆ្លងរីករាលដែលនៃមេរោគ កូវីដ-១៩ពិសេសមេរោគកំប្លែងថ្មីអូមីក្រុង ហើយលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ និងកត់សម្គាល់ពីអាការៈរបស់ក្មេងៗ ដើម្បីកំណត់អត្តសញ្ញាណឱ្យបាននៅកុមារដែលឆ្លងនូវមេរោគកូវីត-១៩ ដើម្បីយើងអាចព្យាបាល និងកាត់បន្ថយការឆ្លងរាលដាលផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់គណៈគ្រប់គ្រងមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់ថែរក្សាអគារសិក្សា និងសមិទ្ធផលនានាឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូប ដើម្បីទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន៕










 

No comments:

Post a Comment

Pages