ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ទទួលបានការដូពិសេសពីសម្តេចតេជោ ហ៊ុន សែន នូវស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ - BNP

Breaking

Monday, February 14, 2022

ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ទទួលបានការដូពិសេសពីសម្តេចតេជោ ហ៊ុន សែន នូវស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ការដូរពិសេសនូវស្ពាន ឆ្លងស្ទឹងសែន ដែលត្រូវសាងសង់នាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹមបណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពាន ចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន ១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយស្ពាននេះ ជាចំណុចតភ្ជាប់រវាង ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ស្ពាននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹកកសិផលឆ្លងកាត់ឲ្យមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋយើងធ្វើដំណើរ កាត់បន្ថយពេលវេលា នៅពេលឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ចូលទៅកំសាន្តនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ។


ទន្ទឹមនឹងនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនដល់បងប្អូនពុកម៉ែកូនកូនក្មួយទាំងអស់ ដែលមានរស់នៅលើទឹកដីខេត្តកំពង់ធំ។ ហើយថ្ងៃនេះ យើងបានជួបជុំគ្នា ដើម្បីរៀបចំប្រារព្ធពិធីក្រុងពាលីសុំសាងសង់ស្ពានឆ្លងស្ទឹងសែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបន្ថែមទៀតថា ជាការពិតណាស់អ្វីដែលយើងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាពទេ យើងគ្មានឱកាសបានជួបជុំគ្នា រាប់ទាំងវិស័យរាជរដ្ឋាភិបាលសាធារណៈ ក៏ដូចជាវិស័យឯកជន ដែលមានសប្បុរសជនដ៏ច្រើនគាំទ្ររាជរដ្ឋាភិបាល នឹងចូលរួមគ្រប់កិច្ចការទាំងអស់ នេះហើយគឺតម្លៃនៃសន្តិភាព។ 


លើសពីនេះទៀត សម្តេចតេជោ បានដឹកនាំប្រទេសមានការរីកចម្រើន ទាំងការងារនយោបាយ ការងារសង្គម ជាពិសេសការងារគិតគូរសុខទុក្ខការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យចៀសផុតពីជំងឺកាចសាហាវដែលកំពុងតែគំរាមកំហែងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើង ក្នុងនោះដែរក៏ផ្ដោតសំខាន់ទៅលើជុំវិញការងារអភិវឌ្ឍន៍ផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបន្តទៀតថា ទោះបីជាមានការលំបាក ការប្រឈមនឹងជំងឺកូវីដ១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែដំណើរការជំរុញការងារអភិវឌ្ឍន៍ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែលយើងកំពុងតែដំណើរការ។ ហើយនៅពេលខាងមុខនេះ សម្តេចតេជោ ត្រៀមបើកការដ្ឋានសាងសង់ស្ពានជាច្រើនទៀត ព្រមទាំងសម្ពោធស្ពាន និងផ្លូវមួយចំនួន នេះហើយជាកត្តាសន្តិភាព នៃសមិទ្ធផលនៅលើទឹកដីយើងនេះ។


ចុងបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញដល់ក្រុមការងារសាងសង់ស្ពាន សូមរក្សាសាមគ្គីគ្នា ខិតខំពន្លឿនការសាងសង់ស្ពានឲ្យបានឆាប់រហ័ស មានភាពរឹងមាំ ទៅតាមការគ្រោងទុក ហើយស្ពាននេះមានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំពៅត្រៃលោកត្រៃលក្ខណ៍»៕








 

No comments:

Post a Comment

Pages