សម្ដេចក្រឡាហោម ស ខេង ណែនាំដល់សមត្ថកិច្ចត្រូវប្រកាន់ភ្ជាប់ភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ចំពោះអ្នកល្មើសច្បាប់ - BNP

Breaking

Thursday, February 10, 2022

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់សមត្ថកិច្ចត្រូវប្រកាន់ភ្ជាប់ភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ចំពោះអ្នកល្មើសច្បាប់


 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ហើយប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ ជូនចំពោះអ្នកល្មើសច្បាប់។


សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។


សម្ដេចក្រឡាហោម បន្ដថា ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចិត្តសាស្ដ្រអ្នកប្រើប្រាស់ផ្លូវ ដែលជំរុញឱ្យមានកំណើន នៃការគោរពប្រតិបត្តិច្បាប់ និងការកាត់បន្ថយគ្រោះថ្នាក់ និងចំនួនជនរងគ្រោះ។


សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ការអនុវត្តវិធានការត្រួតពិនិត្យចំពោះយានយន្ដ ដែលបានប្រព្រឹត្តល្មើសជាក់ស្ដែង ដោយមិនត្រួតពិនិត្យទូទៅតាមបែបត្រួតពិនិត្យរដ្ឋបាល។ ការបំពេញភារកិច្ចដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ក្នុងវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ របស់យន្ដការដឹកនាំគ្រប់ថ្នាក់ និងមន្ដ្រីអនុវត្តច្បាប់»។


នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជំរុញអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្ដ ដោយត្រូវពិនិត្យកែទម្រង់ជាបន្ទាន់នូវកត្តា ចំនួន៣ យ៉ាង គឺទី១-កែទម្រង់សមត្ថភាពគ្រូ , ទី២-កែទម្រង់ការសិក្សា (កម្មវិធីសិក្សា-សម្ភារសិក្សា-ទីកន្លែងហ្វឹកហាត់) និងទី៣-កែទម្រង់គុណភាព នៃការប្រឡងយកបណ្ណបើកបរ ក្នុងគោលដៅលើកកម្ពស់គុណភាពសមត្ថភាពអ្នកបើកបរគ្រប់រូបឱ្យមានកម្រិតយល់ដឹងជ្រៅជ្រះទាំងទ្រឹស្ដី និងការបើកបរ ក្លាយជាអ្នកបើកបរគោរពច្បាប់ និងមានសីលធម៌យោគយល់អាធ្យាស្រ័យខ្ពស់។


សូមជម្រាបជូនថា ក្នុងប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ បក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល៕


No comments:

Post a Comment

Pages