អភិបាលរាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ - BNP

Breaking

Monday, January 17, 2022

អភិបាលរាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បាន​អបអរ​សាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន សូណាត្រា គ្រុប ដែល បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យ អចលនទ្រព្យ, សំណង់, ហិរញ្ញប្បទាន, គណនេយ្យ-សវនកម្ម និង ភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀត ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ។ នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ ថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


នេះបើតាមការបញ្ជាក់របស់​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនា ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

  

ឯកឧត្ដម​បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

  

បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយ ការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយដើម្បី គាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់ របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។


ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញបានអះអាងថា៖ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនជឿនលឿនជាងគេ នៅលើពិភពលោក ដោយសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ច ជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ ដល់ ១.៦៨៣$ នៅឆ្នាំ ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវ យ៉ាងទទូចដល់បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារូសរាន់អញ្ជើញទៅចាក់ វ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ ឆ្នាំ ឡើងទៅ ឱ្យទៅទទួលវាំកំសាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ឱ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា។

   

លោកឧកញ៉ាស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានមានប្រសាសន៍លើកឡើងថា៖ ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។

   

លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានធ្វើអោយក្រុមហ៊ុនរបស់លោកអាច បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនាថ្ងៃនេះ។


ក្នុងឱកាសនោះដែរលោកឧកញ៉ាក៏បាបថ្លែងកោតសរសើរចំពោះការដឹកនាំ​របស់ឯកឧត្ដម ឃួង ស្រេង មានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះមានវិស័យសំណង់និងអចលនៈទ្រព្យជាក់ស្ដែងថ្ងៃនេះ​ឯកឧត្ដម​បានគាំទ្រវិស័យឯកជនដោយបានអញ្ជើញក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ







 

No comments:

Post a Comment

Pages