ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អង្គភាពអនុវត្តគម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III គ្រប់លំដាប់ថ្នាក់ សូមអនុវត្តគម្រោងនេះឱ្យបានត្រឹមត្រូវ តាមបែបផែននិតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច - BNP

Breaking

Tuesday, December 14, 2021

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អង្គភាពអនុវត្តគម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III គ្រប់លំដាប់ថ្នាក់ សូមអនុវត្តគម្រោងនេះឱ្យបានត្រឹមត្រូវ តាមបែបផែននិតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់អង្គភាពអនុវត្តគម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក សូមអនុវត្តគម្រោងនេះឲ្យបានត្រឹមត្រូវ តាមបែបផែននិតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច។ 


ឯកឧត្តម ងួន រតនៈ បន្តទៀតថា កន្លងមកនៅខេត្តកំពង់ធំ ធ្លាប់បានអនុវត្តគម្រោងនេះចំនួន ២ដងរួចមកហើយ ជំហានទី១ (LASED I) អនុវត្តន៍នៅឃុំទីពោ ស្រុកសន្ទុក និងជំហានទី២ (LASED II) អនុវត្តន៍នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក អនុវត្តន៍គម្រោងដោយក្រសួងមហាផ្ទៃ។ ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ នៅក្នុងខេត្តកំពង់ធំ គម្រោង LASED III ជំហានទី៣ អនុវត្តន៍លើគោលដៅចំនួន៥ស្រុក មាន ៦ទីតាំង ក្នុងនោះរួមមាន ស្រុកស្ទោង ឃុំពពក ស្រុកប្រាសាទបល្ល័ង្ក ឃុំផាន់ញើម ស្រុកសន្ទុក ឃុំក្រយា ស្រុកប្រាសាទសំបូរ ឃុំស្រើង និងស្រុកសណ្តាន់ ឃុំទំរីង និងឃុំសុចិត្រ ព្រមទាំងសហគមន៍មួយចំនួនផងដែរ ដែលត្រូវអនុវត្តគម្រោងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល៦ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦។


ឯកឧត្តម បន្ថែមទៀតថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ពិតជាអាចជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពគុណភាពប្រជាជនកាន់តែល្អប្រសើរ តាមរយៈ ការផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅដ្ឋាន ដីសម្រាប់បង្ករបង្កើនផល ជាពិសេសមានការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ លើវិស័យកសិកម្ម ផ្ដល់ពូជសត្វ ពូជបន្លែ បង្កើតទីផ្សារ សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការបណ្ដុះបណ្ដាលប្រជាពលរដ្ឋពីការសន្សំប្រាក់ និងផ្ដល់មូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍ ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្ម និងសិប្បកម្មថែមទៀតផង។


សូមបញ្ជាក់ផងដែថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទាន ពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែកដីជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬប្រជាពលរដ្ឋដែលមានដីតិចតួច ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគាត់៕







 

No comments:

Post a Comment

Pages