ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្ត - BNP

Breaking

Saturday, December 4, 2021

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្ត

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសហការី ស្ដីពីការ "ពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ "ដោយមានការអញ្ជើញចូលរួមពីលោក សាយ ម៉េងគីមអភិបាលរងខេត្ត នាយករងរដ្ឋបាល និង មន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលកិច្ចពិភាក្សាការងារនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ 


ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ប្រតិភូរាជរដ្ឋាភិបាលនិងសហការី ដែលបានចុះមកពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។ 


ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា សម្រាប់ខេត្តមណ្ឌលគិរីគឺជាខេត្ត ប៉ូលសេដ្ឋកិច្ចទី ៤ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យទេសចរណ៍លំដាបខ្ពស់ គួបផ្សំនិងការកសាងព្រលានយន្តហោះថ្នាក់តំបន់ផងនោះ បានធ្វើឱ្យខេត្តមណ្ឌលគីរី ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ ហេតុដូច្នេះហើយ ខេត្តមណ្ឌលគីរី ពិតជាត្រូវការកម្លាំងពលកម្មដែលមានចំណេះជំនាញច្បាស់លាស់យ៉ាងច្រើនសម្រាប់បំពេញតម្រូវការក្នុងវិស័យផ្សេងៗក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ។ 


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ការពឹងផ្អែកលើអនុផលធនធានធម្មជាតិ និងកាត់បន្ថយបញ្ហាសង្គមបានយ៉ាងច្រើនផងដែរ។ 


ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធី "ពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ " នេះរៀបចំឡើងដើម្បីអប់រំផ្សព្វផ្សាយពីផលប្រយោជន៍នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដល់មូលដ្ឋាន សហគមន៍ ឲ្យបានកាន់តែទូលំទូលាយ ពិសេសសំដៅដល់ជនដែលងាយរងគ្រោះ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋទូទៅឲ្យងាកមករៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឲ្យបានច្រើន សម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារ រោងចក្រ សហគ្រាស ការដ្ឋាន សិប្បកម្មកែច្នៃ និងសេវាកម្មទេសចរណ៍នានា ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ 


ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដោយសារការបណ្ដុះបណ្ដាលនេះប្រើរយៈពេលខ្លី សិក្សាដោយឥតបង់ប្រាក់ ងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ឬ អាចយកមុខជំនាញទាំងនេះទៅបើកអាជីវកម្មផ្ទាល់ខ្លួនបានទៀតផង។


ឯកឧត្តមប្រតិភូ ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ចូលរួមសហការ និងធ្វើការផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ឲ្យបានទូលំទូលាយនៅតាមបណ្ដាក្រុង-ស្រុក ឃុំ-សង្កាត់ និងវិស័យឯកជននានាទូទាំងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីការបណ្ដុះបណ្ដាលនេះ៕







 

No comments:

Post a Comment

Pages