រដ្ឋបាលខេត្តសៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រៀមទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ - BNP

Breaking

Friday, December 17, 2021

រដ្ឋបាលខេត្តសៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រៀមទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ

នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងគណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញនោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មីនៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី។ 


នាឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលខេត្តបានអញ្ជើញចូលរួម អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉ ប្រធានការិយាល័យកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ការិយាល័យកុងស៊ុលជប៉ុន និងប្រធានស្ថានកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំខេត្តសៀមរាប។ លោក បានបន្តថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានរៀបចំរួចជាស្រេចដើម្បីត្រៀមទទួលភ្ញៀវទេសចរជាមួយនឹងការត្រៀមបើកទំព័រកំណត់ត្រាជាថ្មីនៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ 


ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងដែលថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១គឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។ ឯកឧត្តមក៏បានបង្ហាញឲ្យដឹងផងដែរ នូវកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះជាមួយសមត្ថកិច្ចនិងក្រុមជំនាញ ហើយអ្វីដែលជាការទទួលខុសត្រូវនោះ គឺការផ្សព្វផ្សាយជួបភ្ញៀវ អំពីនីតិវិធីប្រតិបត្តិស្តង់ដាSOP នៅពេលយន្តហោះត្រូវចុះចតដល់គោលដៅនោះ។ 


លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានបង្ហាញបន្ថែមដែលថា ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ទី១ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ទី២ត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ និងប័ណ្ណប្រកាសសុខភាព។ ម្យ៉ាងទៀតភ្ញៀវទេសចរអន្តរជាតិដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកំសាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕








 

No comments:

Post a Comment

Pages