រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ទំនាស់ផ្លូវចេញចូល របស់ប្រជាពលរដ្ឋក្នុងស្រុកក្រគរ ត្រូវបានអភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួលបញ្ចប់ ដោយគ្មានអ្នកចាញ់ - BNP

Breaking

Friday, December 3, 2021

រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ទំនាស់ផ្លូវចេញចូល របស់ប្រជាពលរដ្ឋក្នុងស្រុកក្រគរ ត្រូវបានអភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួលបញ្ចប់ ដោយគ្មានអ្នកចាញ់

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ចំនួន០២គ្រួសារ ដែលជាម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ១១៥ និង៣៩៣ (ភាគី-ខ)ស្ថិតក្នុងភូមិលើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឯកភាពគ្នាជាមួយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការសម្បទានដីទំហំទទឹងផ្លូវ ០,២ម៉ែត្រ លើប្លង់សុរិយោដី ដែលមានទំហំទទឹងផ្លូវ ២,៥ម៉ែត្រ សរុប២,៧ម៉ែត្រ សម្រាប់ឱ្យប្រជាពលរដ្ឋជាង៣០គ្រួសារ (ភាគី-ក) បានប្រើប្រាស់ចេញចូលកាន់តែធំទូលាយជាងមុន តាមការព្រមព្រៀង រវាង(ភាគី-ក) និង(ភាគី-ខ) ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។


ការឯកភាពរបស់(ភាគី-ខ)ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្តពោធិ៍សាត់ ស្របតាមយន្តការ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលស្តីទី លោកអភិបាលស្រុកក្រគរ លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងម្ចាស់ក្បាលដីទាំង២ខាងលើ។


ក្រោយពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានដឹកនាំសម្របសម្រួលនោះរួចមក ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ១១៥ និង៣៩៣ (ភាគី-ខ)៖

១-បានទទួលយកតាមកំណត់ហេតុ នៃកិច្ចប្រជុំសម្របសម្រួល រវាង(ភាគី-ក) និង(ភាគី-ខ) កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លើអ័ក្យផ្លូវ ចំនួន២,៧ម៉ែត្រ គិតតាមប្លង់សុរិយោដី។

២-ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ១១៥ (ឈ្មោះ ឆឹម ចរិយា) បានយល់ព្រមរុះរើជញ្ជាំងចាស់ ប្រវែង៦ម៉ែត្រ និងភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ៣៩៣ (ឈ្មោះ ប្រាក់ ភារម្យ) បានយល់ព្រមរុះរើរបងឈើ ដើម្បីធ្វើផ្លូវចូលឱ្យបានធំទូលាយ។

៣-ឯកឧត្តមអភិបាលខេត្ត ក៏សន្យានឹងធ្វើផ្លូវបេតុងចូលច្រកផ្លូវនេះ ប្រវែង១០ម៉ែត្រ ដែលមានទទឹង ២,៧ម៉ែត្រ តាមការព្រមព្រៀង។

៤-ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ១១៥ និង៣៩៣ បានស្នើដល់អាជ្ញាធរឱ្យទទួលស្គាល់ដីនេះ ជាលក្ខណៈសម្បទាន មិនមែនជាដីរំលោភបំពាន លើប្រជាពលរដ្ឋជាង៣០គ្រួសារ (ភាគី-ក)នោះទេ។


ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមក៏សូមថ្លែងអំណរគុណ ជូនដល់ម្ចាស់ប្លង់កម្មសិទ្ធិក្បាលដីលេខ១១៥ និង៣៩៣ (ភាគី-ខ) ចំពោះការស្រុះស្រួលឯកភាពគ្នា ក្នុងការចូលរួមសម្បទានដីរបស់ខ្លួន ដើម្បីបញ្ចប់ទំនាស់ខាងលើ ជាមួយប្រជាពលរដ្ឋជាង៣០០គ្រួសារ (ភាគី-ក) នឹងសូមឱ្យភាគីទាំងអស់ បន្តស្រលាញ់រាប់អានគ្នាដូចគ្រួសារតែមួយ មានឈាមជ័រជាខ្មែរតែមួយ សម្រាប់ធ្វើជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ ជាពិសេសូមឱ្យមានសុខភាពល្អ​ និងជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា។ ជាមួយគ្នានោះឯកឧត្តមសន្យាថា នឹងចុះទៅអនុវត្តផ្ទាល់ នៅទីតាំងដីនោះ។


តំណាងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តម ជាវ តាយ ក្នុងការសម្របសម្រួល ពង្រីកផ្លូវច្រកចូលខាងលើ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ 


សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ ឯកឧត្តមក៏បានធ្វើការសម្របសម្រួល ដោះស្រាយករណីទំនាស់ដីធ្លីមួយករណីផ្សេងទៀត រវាងម្ចាស់ដីគោកអាដាំ ជាមួយក្រុមហ៊ុនបូរី ភី.ធី.វី បំណក់ អភិវឌ្ឍន៍លំនៅដ្ឋាន និងទីផ្សារ ក៏ប៉ុន្តែភាគីទាំងសង្ខាង មិនទាន់ស្រុះស្រួលឯកភាពគ្នានៅឡើយ និងសូមយកទៅពិគ្រោះយោបល់ ធ្វើការសម្របសម្រួលនៅថ្ងៃក្រោយបន្តទៀត៕





 

No comments:

Post a Comment

Pages