ឯកឧត្តម តេង សាវង្ស អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ - BNP

Breaking

Wednesday, December 8, 2021

ឯកឧត្តម តេង សាវង្ស អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

នៅរសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជដំណាក់ ស្ថិតនៅតាមបណ្តោយវិថីសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ជាមួយគ្នានេះដែរ ឯកឧត្តម តេង សាវង្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញនាំយកសាររំលែកព្រះមរណទុក្ខ របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រិយ៍ ជាព្រះបុត្រា បុត្រី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការចូលរួមរំលែកនូវព្រះមរណទុក្ខ ជាមួយរាជវង្សានុវង្សរបស់ព្រះអង្គផងដែរ។


ក្នុងសាររំលែកព្រះមរណទុក្ខ ក្នុងនាមសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ពិតជាមានសេចក្តីសង្វេគ និងសោកស្តាយឥតឧបមា ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។


ការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការបាត់បង់ព្រះបិតាប្រកបដោយព្រហ្មវិហារធម៌ និងជាសមាជិកព្រះរាជវង្សានុវង្សដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ មិនខ្លាចនឿយហត់ ចូលរួមចំណែកបម្រើក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ។


ក្នុងវេលាដ៏ក្រៀមក្រំអាឡោះអាល័យបំផុតនេះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រិយ៍ ជាព្រះរាជបុត្រា បុត្រី និងសូមឧទ្ទិសបួងសួងនូវព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរម សុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








 

No comments:

Post a Comment

Pages