រដ្ឋបាលខេត្តសៀមរាប ៖ គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប - BNP

Breaking

Wednesday, December 29, 2021

រដ្ឋបាលខេត្តសៀមរាប ៖ គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប

គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្នុងសកម្មភាពការចុះដាំគ្រាប់ត្នោតនេះ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ លោកចៅសង្កាត់ និងប្រជាការពារផងដែរ។ 


លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ដោយមានការចូលរួមពីប្រជាការពារមកពីភូមិទាំង៧ ក្នុងសង្កាត់ជ្រាវ បានចុះដាំគ្រាប់ត្នោតប្រមាណជាង ២ពាន់គ្រាប់ នៅតាមព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាប។ លោកថា ការដាំនេះ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប នៃក្រុងសៀមរាប។ លោកចៅសង្កាត់ បានឲ្យដឹងទៀតថា ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច។ 


សូមបញ្ជាក់ថា ខេត្ដសៀមរាប មានដីព្រៃលិចទឹកជាង១២ម៉ឺនហិកតា គ្របដណ្តប់ក្រុង ស្រុកចំនួន៦ មានស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។  បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ នៅរដូវវស្សា និងទីជម្រកសត្វស្លាបគ្រប់ប្រភេទផងដែរ៕






 

No comments:

Post a Comment

Pages